ក្លិប Juventus យល់ព្រមជាមួយ Chelsea ដើម្បីនាំយកលោក Sarri
ក្លិបសេះបង្កង់ Juventus បានឈានដល់ការព្រមព្រៀងគ្នាមួយ ជាមួយនឹងក្លិប Chelsea លើការផ្ទេរមួយដើម្បីនាំយកលោកគ្រូបង្វឹក Maurizio Sarri ទៅកាន់ក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Sky Italia និង BBC កាលពីថ្ងៃព្រហស្បតិ៍។
វាមិនទាន់មានការប្រកាសជាផ្លូវការណាមួយឡើយ ទៅលើការព្រមព្រៀងគ្នានេះ ពីសំណាក់ក្លិបទាំង២ ប៉ុន្តែ លោក Sarri ដែលបានឈ្នះពាន Europa League ជាមួយនឹងក្លិប Chelsea នោះ ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខារយៈពេល៣ឆ្នាំជាមួយនឹងក្លិប Juventus។ លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ក្លិប Juventus បានចាកចេញពីក្លិបយក្សរបស់អ៊ីតាលីមួយនេះ កាលពីចុងរដូវកាលថ្មីៗនេះ ប៉ុន្តែ ក្រុម Chelsea របស់ក្របខ័ណ្ឌ Premier League ចង់បានសំណង សម្រាប់ការអនុញ្ញាតឲ្យលោក Sarri រំលាយកុងត្រារបស់លោក។ បើយោងទៅតាមបណ្តាញសារព័ត៌មាន Sky និង BBC ក្លិបទាំង២ បានយល់ព្រមទៅលើប្រាក់សំណងចំនួន៥លានផោន (ស្មើនឹង៦,៣៤លានដុល្លារអាមេរិក) កាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Sarri អាចនឹងត្រូវប្រកាសជាផ្លូវការក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Juventus នៅត្រឹមថ្ងៃសុក្រនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia