ក្លិបប្រដាល់សម្បូរដោយកីឡាករគុនចម្រុះចម្រុះ Cambodian Top Team (CTT) បានជួលសេវាកម្មគ្រូបង្វឹកម្នាក់ផ្នែកកម្លាំង និង កាយសម្បទាម្នាក់ដើម្បីបង្វឹកកម្លាំងស៊ុហ្វដល់កីឡាករឲ្យកាន់តែខ្លាំងក្លា និង ឆ្ពោះទៅរកកម្រិតអន្តរជាតិ។ នេះជាការប្រាប់ឲ្យដឹងរបស់លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹក និងជាម្ចាស់ក្លិប CTT។ ក្លិបប្រដាល់កំពុងតែទទួលបានប្រជាប្រិយភាព មួយនេះបានជួលសេវាកម្មរបស់លោក Mark Chen ដែលជាគ្រូបង្វឹកជំនាញផ្នែកកម្លាំង និង កាយសម្បទា ហើយ បច្ចុប្បន្ននេះលោកក៏ជាអ្នកជំនាញបង្វឹកផ្នែកកម្លាំង និង កាយសម្បទានៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងផងដែរ។
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «និយាយរួមបង…ពេលកូនសិស្សខ្ញុំហាត់ជាមួយគ្រូ Fitness ហ្នឹងមានអត្ថប្រយោជន៍ច្រើន ហើយមិនថាតែកីឡាករខ្ញុំទេ កីឡាករផ្សេងស៊ុហ្វក៏ហាត់អត់ដល់ ឆាប់អស់កម្លាំង ល្បឿនយឺត ការវ៉ៃចេញអីហ្នឹងក៏យឺត ។ យើងមិនត្រូវហ្វឹកហាត់តែវ៉ៃសាក់ វ៉ៃស៊ីប បច្ចេកទេសវ៉ៃ និង ឡាំគ្នានោះទេ តែយើងត្រូវដើរឲ្យទាន់សម័យបច្ចុប្បន្ន។ គ្រូ Mark Chen ជួយឲ្យកីឡាកររបស់ខ្ញុំមានល្បឿនលឿន ជំហររឹង គេចរហ័សរហួន និង ស៊ុហ្វល្អជាងមុន ហើយក៏អត់ឆាប់អស់ដៃ អស់ជើងដែរ។ អ្នកខ្លះឃើញវ៉ៃទៅឆាប់អស់ ព្រោះអត់បានហាត់កម្លាំង ហើយហាត់តែបច្ចេកទេស។ ខ្ញុំធានាថាកីឡាកររបស់ខ្ញុំមានស៊ុហ្វល្អជាងមុនឆ្ងាយណាស់ និង មានកម្លាំងវ៉ៃចេញក៏លឿនជាងមុនដែរ»។
ម្ចាស់ក្លិប CTT បានបន្តថា ការជួលគ្រូបង្វឹកខាងលើនេះគឺមិនមានកិច្ចសន្យាអ្វីនោះទេ ពោល បង់ថ្លៃសេវាប្រចាំខែតែប៉ុណ្ណោះ ហើយបើគិតរហូតដល់ពេលនេះ កូនសិស្សរបស់ CTT ទទួលការបង្វឹករយៈពេលប្រមាណជា ៣ ខែមកហើយ។ លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំជួលគាត់ [Chen] តាមលទ្ធភាពអាចចំណាយខ្លួនឯងបាន ហើយបើខ្ញុំនៅតែមានលទ្ធភាព ខ្ញុំនៅតែជួលរហូតដល់ធ្វើឲ្យកីឡាកររបស់ខ្ញុំខ្លាំងស៊ុហ្វ។ ទាល់តែខ្ញុំអស់លុយជួល ឬ ទៅលែងរួចបានឈប់។ ក្រៅពីបន្ទុកនេះខ្ញុំមានកូនសិស្សស្នាក់នៅហូបចុក និង ត្រូវជួលគ្រូផ្សេងៗផងដែរ និង ជួលគ្រូមកពីក្រៅប្រទេសផ្នែក MMA ទៀតផង។ តាមពិតទៅបើខ្ញុំរកលុយទិញដីទិញផ្ទះអីហ្នឹងក៏រស់នៅស្រួលដែរ ប៉ុន្តែគោលបំណងគឺជួយកីឡាករខ្មែរយើងមួយចំណែកឲ្យខ្លាំង និង មានអាជីពប្រាកដ»។
គ្រូបង្វឹកដដែលរៀបរាប់ថា លោកហ៊ានចំណាយបែបនេះព្រោះលោកចង់បណ្ដុះបណ្ដាលឲ្យកីឡាករខ្មែរមានលក្ខណៈល្អប្រសើរទាំងស៊ុហ្វរួមទាំងបច្ចេកទេសមិនចាញ់បរទេស និង ការវ៉ៃមានកម្រិតកាន់តែខ្ពស់ទៅៗ ហើយក្លិបនៅក្នុងស្រុកភាគច្រើនមិនសូវបានយកចិត្តទុកដាក់លើគ្រូផ្នែកកាយសម្បទានេះឡើយ។
ក្លិប Cambodian Top Team ត្រូវបានបង្កើតឡើងយដោយលោក ហ៊ុន ច័ន្ទរាជ្យ នៅឆ្នាំ ២០១៣ នៅម្ដុំទួលទំពូង ហើយប្ដូរមកម្ដុំ អូរឫស្សី វិញមុនផ្លាស់មកម្ដុំទួលទំពូងម្ដងទៀតនៅផ្ទះលេខ #2s ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមនរាជធានីភ្នំពេញ។ ក្លិបនេះបង្កើតបានកីឡាករគុនចម្រុះ (MMA) មានឈ្មោះបោះសំឡេងជាច្រើនប្រឡូកនៅសង្វៀន ONE Championship ដូចជា ស សី, មាស ម៉ើ, ថៃ រិទ្ធ, ចាន់ សំអាត, រិន សារ័ត្ន, និង ស៊ឹម ប៊ុនស្រ៊ន់ ជាដើម។ ក្រៅពីបង្ហាត់កីឡាករអាជីព ក្លិបក៏ទទួលបង្ហាត់សិស្សដើម្បីសុខភាពដែរ។ បើចាប់អារម្មណ៍ហាត់ដើម្បីសុខភាព ឬ ចង់ចេះក្បាច់ប្រដាល់ អាចទាក់ទងបានតាមរយៈលេខទូរសព្ទជាភាសាខ្មែរ 012 282 282 និង និយាយជាភាសាអង់គ្លេសតាមរយៈលេខ 089 333 705៕
អត្ថបទ៖ ស៊ីធី