ក្លិប Bayern Munich បានចាត់ទុកខ្សែបម្រើស្លាប Leroy Sane ជាគោលដៅទី១របស់ពួកគេ នៅរដូវក្តៅនេះ និងកំពុងតែត្រៀមដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់ចំនួន៧០លានផោន (ស្មើនឹង៨៨,៦៤លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំរូបនេះ។
ខ្សែបម្រើស្លាបរូបនេះ ដែលបានជួបរដូវកាលឡើង និងចុះក្នុងក្រុមជម្រើសទាំង១១នាក់ដំបូងរបស់ Man City នៅរដូវកាលនេះ ត្រូវបានគេជឿជាក់ថា ចង់ផ្ទេរវិលទៅកាន់អាល្លឺម៉ង់វិញ ក្រោយពីបានធ្វើដំណើរទៅដល់អង់គ្លេស ក្រោយពីការផ្ទេរចេញពីក្លិប Schalke កាលពីឆ្នាំ២០១៦។ Bayern ដែលបានឈ្នះពានក្របខ័ណ្ឌ Bundesliga សម្រាប់រដូវកាលជាលើកទី៧ជាប់ៗគ្នាកាលពីចុងសប្តាហ៍មុននោះ នឹងត្រូវបាត់បង់កីឡាករជើងចាស់ ២នាក់របស់ពួកគេគឺ Arjen Robben និង Franck Ribery នៅរដូវក្តៅនេះ និងកំពុងតែសម្លឹងរកពង្រីកក្រុមរបស់ខ្លួនជាមួយនឹងកីឡាករវ័យក្មេង។
ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះ បានចំណាយប្រាក់ជិត១០០លានផោនរួចជាស្រេចលើខ្សែការពារអន្តរជាតិបារាំង Lucas Hernandez និង Benjamin Pavard ស្របពេលដែលខ្សែបម្រើវ័យក្មេងសញ្ជាតិកាណាដា Alphonso Davies ត្រឹមតែអាចបង្ហាញខ្លួនជាកីឡាករបម្រុងប៉ុណ្ណោះ បើគិតចាប់តាំងពីចូលរួមកាលពីខែមករា។
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern បានកោតសរសើរចំពោះ Sane នៅសប្តាហ៍នេះ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ ដោយមានសមត្ថភព និងសក្តានុពលដ៏អស្ចារ្យ។ ខ្ញុំបានឃើញពីកម្រិតខ្លាំងរបស់ពួកគេជាច្រើនលើករួចជាស្រេច។ នោះគឺជាកីឡាករម្នាក់ដែលអាចជួយឲ្យកាន់តែខ្លាំងជាងមុន»៕
Bayern Munich នឹងដេញថ្លៃយកខ្សែបម្រើស្លាប Leroy Sane ពីក្លឹប Man City ក្នុងតម្លៃខ្លួន៧០លានផោន