ខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតបាល់បញ្ចូលទីក្រោយពីលេងបានត្រឹមតែ២២វិនាទី និងបានបន្ថែម១គ្រាប់ទៀតដើម្បីជួយឲ្យក្រុម Inter Milan ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Cagliari នាកីឡដ្ឋាន San Siro កាលពីថ្ងៃអង្គារ និងដើម្បីកក់កៅអីរបស់ពួកគេក្នុងការប្រកួតពាន Italian Cup វគ្គ៨ក្រុមចុងក្រោយ។
ក្រុម Napoli និង Lazio នឹងត្រូវជួបគ្នាក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈដែលពួកគេសុទ្ធសឹងដណ្តើមបានជ័យជម្នះដូចគ្នានៅលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ ស្របពេលដែលកីឡាករ Ciro Immobile បានបន្តទម្រង់លេងដ៏មុតស្រួចរបស់គេសម្រាប់ក្រុម Lazio ខណៈដែលពួកគេបានផ្តួលក្រុម Cremonese ក្នុងលទ្ធផល ៤-០។ ខ្សែប្រយុទ្ធ Lorenzo Insigne របស់ក្រុម Napoli បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលើទឹកដីខ្លួនឯងជាលើកទី១នៅរដូវកាលនេះ ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Perugia។
ក្រុម Napoli ក៏បានកត់ត្រាជ័យជម្នះលើទឹកដីខ្លួនឯងជាលើកទី១របស់ខ្លួនផងដែរ បើគិតចាប់តាំងពីលោក Gennaro Gattuso បានចូលជំនួសកន្លែងរបស់លោក Carlo Ancelotti ក្នុងនាមជាគ្រូបង្វឹករបស់ពួកគេកាលពីខែធ្នូ ហើយបច្ចុប្បន្ន ពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯកកាលពីរដូវកាលមុន Lazio នៅថ្ងៃទី២៩ ខែមករា៕
ប្រភពព័ត៌មាន៖ Channel News Asia