ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប PSG កំពុងតែត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លិប Atletico Madrid ក្នុងការផ្ទេរមួយ ដែលអាចនឹងកើតឡើងជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។
នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែតកីឡាប្រចាំថ្ងៃ Marca កាលពីថ្ងៃច័ន្ទ។ ពាក្យចរចាមអារ៉ាមផ្សេងៗពីការផ្ទេរមួយពីក្លិប Paris Saint-Germain បានកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែ ការផ្ទេរនេះ នឹងកើតឡើងក្នុងពេលឆាប់ៗ ដោយសារតែតារាឆ្នើមអន្តរជាតិអ៊ុយរូហ្គាយរូបនេះ ខកចិត្តក្នុងការស្ថិតជាកីឡាករបម្រុង។
នេះបើយោងទៅតាមចេញផ្សាយរបស់កាសែតអេស្ប៉ាញ ដដែល។ ទាក់ទងនឹង Cavani ដែលកិច្ចសន្យារបស់ក្លិបជាមួយនឹងក្លិប PSG នឹងផុតកំណត់នៅខែមិថុនា កាសែត Marca បានចេញផ្សាយថា៖ «ការផ្ទេរនេះ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
ជាគោលការណ៍ ការព្រមព្រៀងគ្នាមួយ នឹងមានរយៈពេល២រដូវកាលកន្លះ បើទោះបីវានៅតែមានការពិភាក្សាផ្សេងៗក៏ដោយ»។ ប៉ុន្តែ ការឈានដល់ការព្រមគ្នាមួយជាមួយនឹង PSG សម្រាប់ការផ្ទេរភ្លាមៗមួយ ដើម្បីនាំយកខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតរបស់ពួកគេ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនារដូវរងា នៅថ្ងៃទី១ ខែមករា នឹងត្រូវតែមានការចរចាជាច្រើន។ ស្ថានីយ៍វិទ្យុបារាំង RMCsport ក៏បានផ្សាយផងដែរ Cavani បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយនឹងក្លិប Atletico រួចរាល់ហើយ ហើយថា PSG «បើកផ្លូវឲ្យ Cavani ចាកចេញនៅរដូវរងានេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia