ខ្សែប្រយុទ្ធ Lionel Messi បានផ្តល់ការជឿជាក់ដ៏ធំមួយសម្រាប់ការប្រជែងពាន La Liga របស់ក្រុម Barcelona តាមរយៈការរកបានគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Atletico Madrid កាលពីថ្ងៃអាទិត្យ។
Messi គឺជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានរង្វាន់បាល់មាស Ballon d’Or ជាលើកទី៦ ក្នុងទីក្រុងប៉ារីស នៅថ្ងៃចន្ទនេះ ហើយរូបគេបានបង្កើតភាពរីករាយម្តងទៀតសម្រាប់ក្រុម Barca នាកីឡដ្ឋាន Wanda Metropolitano ស្របពេលដែលការប្រកួតនេះ ហាក់ដូចជាត្រូវបញ្ចប់ក្នុងលទ្ធផលស្មើទៅហើយ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៨៦របស់តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បន្ទាប់ពីការលេងស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹង Luis Suarez ជួយឲ្យ Barcelona រក្សាការមានពិន្ទុស្មើជាមួយនឹងក្រុម Real Madrid នៅលើកំពូលតារាង ស្របពេលដែលក្រុម Atletico ត្រូវប្រឈមមុខនឹងការលំបាកដ៏ធំមួយ ប្រសិនបើពួកគេចង់វិលទៅកាន់ការប្រជែងពានជាថ្មី។
បច្ចុប្បន្នក្រុម Atletico កំពុងតែដេញតាមពីក្រោយទាំងក្រុម Real និង Barca ចំនួន៦ពិន្ទុ ខណៈដែលក្រុមខ្លាំងទាំង២នេះសុទ្ធសឹងនៅសល់១ប្រកួតក្នុងដៃ ដោយពួកគេនឹងត្រូវជួបគ្នាក្នុងការប្រកួត Clasico ជាលើកទី១នៅរដូវកាលនេះ នាកីឡដ្ឋាន Camp Nou នៅថ្ងៃទី១៨ ខែធ្នូ។ វាមានន័យថា Atletico អាចនឹងធ្វើដំណើរទៅកាន់ថ្ងៃសម្រាកបុណ្យណូអែល ដោយដេញតាមពីក្រោយក្រុមឈរលេខ១ដល់ទៅ៩ពិន្ទុ ដែលជាគម្លាតដ៏ធមួយ ជាពិសេស ដោយសារតែពួកគេនឹងត្រូវប្រកួតនៅលើទឹកដីក្រុម Barca និង Real Madrid នៅពាក់កណ្តាលរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia