អតីតគ្រូបង្វឹកក្រុម Manchester United លោក David Moyes ត្រូវបានគេរាយការណ៍ថា លោកអាចនឹងត្រលប់មកកាន់ក្របខណ្ឌPremier League វិញដើម្បីជំនួសដំណែងគ្រូបង្វឹកក្រុម Everton លោក Marco Silva។
យោងតាមកាសែត Daily Mirror បានអោយដឹងថាកៅអីរបស់លោក Marco Silva បច្ចុប្បន្នកំពុងមានភាពក្ដៅគគុក ក្រោយលោកដឹកនាំក្រុម Everton ចាញ់ក្រុមបាតតារាង Norwich City ០-២ ក្នុងដីកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ លោក Silva ដឹកនាំក្រុមមិនបានល្អនោះទេក្នុងរដូវកាលនេះ ដោយ១៣ប្រកួតកន្លងទៅក្នុងក្របខណ្ឌ Premier League ក្រុម Everton ស្វែងជ័យជម្នះបានតែ៤ប្រកួតប៉ុណ្ណោះ។
បច្ចុប្បន្នក្រុម Everton កំពុងឈរក្នុងចំណាត់ថ្នាក់លេខ១៦ មាន១៤ពិន្ទុសរុប គិតត្រឹម១៣ប្រកួត មានគម្លាតពីតំបន់ដែលគេកាត់ចោលទៅលេងក្របខណ្ឌ Championship តែ៤ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាមិញតាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា លោក Moyes បានត្រៀមខ្លួនរួចជាស្រេចក្នុងការត្រលប់ទៅដឹកនាំក្លិបចាស់របស់លោកវិញ។ គួររម្លឹកផងដែរថាលោក Moyes ធ្លាប់ដឹកនាំក្លិប Everton អស់រយៈពេល១១ឆ្នាំ អំឡុងពេលឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ មុនពេលលោកទៅជំនួសដំណែងលោក Sir Alex Ferguson នៅ Manchester United៕