ខ្សែបម្រើដ៏មានឥទ្ធិពល Aaron Ramsey បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ ឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិហុងគ្រី និងឈ្នះកៅអីទៅលេងក្នុងជុំផ្តាច់ព្រ័ត្រ នារដូវក្តៅក្រោយ ស្របពេលដែលក្រុមជម្រើសជាតិបែលហ្ស៊ិក បានបំពេញយុទ្ធនាការជម្រុះដ៏ល្អឥតខ្ចោះរបស់ខ្លួន តាមរយៈការផ្តួលក្រុមស៊ើប។
តារាឆ្នើម Ramsey របស់ក្លិប Juventus បានរកគ្រាប់បាល់កាត់សេចក្តីរបស់គេនៅតង់នីមួយៗ នាកីឡដ្ឋាន Cardiff City ដើម្បីធានាថា ក្រុមរបស់លោក Ryan Giggs ត្រូវឡើងឈរពីលើគូប្រកួតរបស់ខ្លួនទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងពូល E ដើម្បីឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការដែលមានប្រទេសម្ចាស់ផ្ទះច្រើនមួយនេះ។
ក្រុមជម្រើសជាតិវែលស៍ ក៏បានទម្លាក់ក្រុមជម្រើសជាតិស្លូវ៉ាគី ដែលបានផ្តួលក្រុមជម្រើសជាតិអាស៊ែបៃហ្សង់ ក្នុងលទ្ធផល ២-០ ផងដែរ ប៉ុន្តែ ក្រុមជម្រើសជាតិស្លូវ៉ាគី បានបញ្ចប់ដោយដេញតាមពីក្រោយក្រុមឈរលេខ៣ ចំនួន១ពិន្ទុ ដោយសារតែការរងបរាជ័យរបស់ពួកគេនៅលើទឹកដីក្រុមឈរលេខ១ ក្រូអាស៊ី ក្នុងការប្រកួតកាលពីជុំមុន។
ការដណ្តើមបានជ័យជម្នះរបស់ក្រុមជម្រើសជាតិវែលស៍ បានកើតឡើង ក្នុងពេលការបង្ហាញខ្លួនជាលើកទី១របស់ Ramsey នាយុទ្ធនាការជម្រុះនេះ ហើយរូបគេបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យមួយ ដែលផ្ទុយគ្នាស្រឡះទៅនឹងរដូវកាលដែលញាំញីដោយរបួសក្នុងក្របខ័ណ្ឌ Serie A។ Ramsey បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំបានខកខានឱកាសជាច្រើនក្នុងយុទ្ធនាការនេះ ប៉ុន្តែ វាពិតជាមានតម្លៃណាស់ក្នុងការបង្កើតការភ្ញាក់ផ្អើលតាមរយៈការរកបាន២គ្រាប់នៅរាត្រីនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia