ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបញ្ជាក់ថាការចំណាយពេល២រដូវកាលរបស់គេជាមួយនឹងក្លិប LA Galaxy បានធ្វើឲ្យរូបគេមានជីវិតរស់ម្តងទៀត ខណៈដែលរូបគេបានប្រកាសថា រូបគេនឹងចាកចេញពីក្រុមស្ថិតក្នុងក្របខ័ណ្ឌ Major League Soccer មួយនេះ។
អតីតតារាឆ្នើមអន្តរជាតិស៊ុយអែតវ័យ៣៨ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី៥២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន៥៣លើកសម្រាប់ក្លិប LA Galaxy បើគិតចាប់តាំងពីបានចូលរួមជាមួយនឹងក្លិប កាលពីខែមីនា ឆ្នាំ២០១៨។
Ibrahimovic បានសរសេរថា៖«ខ្ញុំបានមក ខ្ញុំបានឃើញ ខ្ញុំបានគ្រប់គ្រង។ សូមអរគុណដល់ LA Galaxy សម្រាប់ការធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានជីវិតម្តងទៀត។ ចំពោះអ្នកគាំទ្ររបស់ Galaxy អ្នកចង់បាន Zlatan ខ្ញុំឲ្យ Zlatan ដល់អ្នក។ ខ្ញុំស្វាគមន៍អ្នកជានិច្ច។ រឿងរ៉ាវនេះ នឹងបន្ត។ ពេលនេះ វិលត្រឡប់ទៅមើលកីឡាបេស្បលវិញ»។
ក្លិប Galaxy បានឲ្យដឹងក្នុងសេចក្តីប្រកាសដ៏ខ្លីមួយថា ក្លិបបានចែកផ្លូវជាមួយនឹង Ibrahimovic ដោយការព្រមព្រៀងទាំងសងខាង។ Ibrahimovic ត្រូវបានទាក់ទងឲ្យវិលទៅកាន់ក្លិប AC Milan របស់ក្របខ័ណ្ឌ Serie A វិញ ក្រោយពីរូបគេបានចំណាយពេលនៅទីនោះក្នុងចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២៕
ប្រភពព័ត៌មាន៖ BBC