ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់ទីនៅនាទី ទី៩៦ ខណៈដែលក្រុម Juventus បានផ្តួលក្រុម Genoa របស់លោក Thiago Motta ក្នុងលទ្ធផល ២-១ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១របស់ពួកគេវិញនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃពុធ ស្របពេលដែល Napoli បានជួបការខកចិត្ត ក្រោយពីបានបណ្តោយឲ្យមានគ្រាប់បាល់តាមស្មើដ៏ចម្រូងចម្រាស់ ក្នុងពេលបញ្ចប់ក្នុងលទ្ធផល ២-២ ជាមួយ Atalanta។
Ronaldo មិនបានចូលលេងឡើយក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Lecce កាលពីថ្ងៃចុងសប្តាហ៍មុននេះ ប៉ុន្តែ Juventus ហាក់ដូចជាត្រូវបាត់បង់ពិន្ទុទៀតទៅហើយ ក្នុងពេលរូបគេវិលចូលលេងវិញនៅទីក្រុង Turin ខណៈដែលគ្រាប់បាល់តាមស្មើរបស់កីឡាករ Christian Kouame បានលុបចោលគ្រាប់បាល់របស់កីឡាករ Leonardo Bonucci។ ការស៊ុតបាល់បញ្ចូលទីរបស់ Ronaldo នៅនាទីបន្ថែម មិនត្រូវបានយកជាផ្លូវការឡើយ ដោយសារតែជាបាល់ offside ក្រោមការកាត់សេចក្តី VAR នៅមុនពេលរូបគេបានទទួលបាល់ប៉េណាល់ទីនៅនាទីចុងក្រោយ ក្រោយពីរូបគេត្រូវបានធ្វើឲ្យដួលដោយកីឡាករ Toni Sanabria។
Ronaldo បានស៊ុតបាល់ផុតដៃអ្នកចាំទី Ionut Radu ដើម្បីរកគ្រាប់បាល់ក្នុងលីកទី៥របស់គេ នៅរដូវកាលនេះ និងដើម្បីជួយឲ្យក្រុមរបស់លោក Maurizio Sarri ឡើងឈរពីលើក្រុម Inter Milan នៅលើកំពូលតារាង។ Ronaldo បានប្រាប់ទូរទស្សន៍ Sky Sport ថា៖ «វាពិតជាការប្រកួតដ៏លំបាកមួយក្នុងពេលប្រកួតជាមួយនឹងក្រុមដែលមានការរៀបចំបានល្អ ប៉ុន្តែ Juventus ត្រូវតែរក្សាការឆ្ពោះទៅមុខ រហូតដល់ទីបញ្ចប់។ យើងបានជួបការលំបាកនៅរាត្រីនេះ ប៉ុន្តែ យើងបានបង្កើតឱកាសជាច្រើន និងស័ក្តិសមនឹងឈ្នះ»៕
វីដេអូ: