តារាឆ្នើមអន្តរជាតិកូរ៉េខាងត្បូង Son Heung-min របស់ក្លិប Tottenham Hotspur បានបញ្ជាក់ថា ការប្រកួតជម្រុះ World Cup ជាប្រវត្តិសាស្ត្រក្នុងទីក្រុងព្យុងយ៉ាង គឺជាការប្រកួតដ៏តានតឹងមួយ ដែលបានធ្វើឲ្យរូបគេបារម្ភពីការរងរបួស ដោយសារតែកីឡាកររបស់កូរ៉េខាងជើង បានព្យាយាមដាក់សម្ពាធលើរូបគេ និងមិត្តរួមក្រុមរបស់គេយ៉ាងខ្លាំង។
ការប្រកួតនៅរដ្ឋធានីរបស់កូរ៉េខាងត្បូង បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃអង្គារ នៅពីមុខប្រធាន FIFA លោក Gianni Infantino ប៉ុន្តែមិនមានអ្នកទស្សនាឡើយ។ ការប្រកួតរវាងក្រុមទាំង២ ដែលប្រទេសរបស់ពួកគេនៅតែស្ថិតក្នុងជម្លោះជាមួយគ្នានៅឡើយ បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង មិនមានការផ្សាយផ្ទាល់ គ្មានអ្នកគាំទ្រ និងមិនមានបណ្តាញសារព័ត៌មានអន្តរជាតិឡើយ។
បន្ទាប់ពីវិលទៅកាន់អាកាសយានដ្ឋាន Incheon កាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ Son បានប្រាប់អ្នកយកព័ត៌មានថា៖ «វាពិតជាខកចិត្តណាស់ដែលយើងមិនបានទទួលជ័យជម្នះ ប៉ុន្តែការប្រកួតនេះ ពិតជាតានតឹងណាស់ ដែលធ្វើឲ្យខ្ញុំគិតថា វាជាការសម្រេចបាននូវសមិទ្ធផលដ៏ធំមួយដោយគ្រាន់តែវិលត្រឡប់មកវិញដោយសុវត្ថិភាព គ្មានរងរបួស»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «កីឡាករកូរ៉េខាងជើង ពិតជាមានការប្រជែងខ្លាំង ហើយពួកគេបានព្យាយាមលេងដោយបំពានជាច្រើនលើក»៕
ប្រភពព័ត៌មាន៖ Channel News Asia