វាយកូនបាល់៖ អ្នកការពារតំណែងជើងឯកកីឡាការិនីរ៉ូម៉ានី Simona Halep បានបន្តដំណើរឡើងជុំទី3 ហើយនៃព្រឹត្តិការណ៍ Grand Slam, French Open បន្ទាប់ពីយកឈ្នះកីឡាការិនីប៉ូឡូញ Magda Linette 6-4, 5-7, 6-3។
នេះជាការប្រកួតដ៏តានតឹងមួយសំរាប់ Halep ខណៈនាងកំពុងមានជំងឺចំណាយពេលដល់ទៅ 2ម៉ោង 11នាទីឡើងជុំទី3 បន្តជួបជាមួយអ្នកឈ្នះរវាង Aleksandra Krunic និង Lesia Tsurenko ដែលប្រកួតគ្នាមិនទាន់បញ្ចប់។ ជាមួយគ្នានោះដែរ French Open នឹងមិនមានកីឡាការិនីម្ចាស់ផ្ទះបារាំងសូម្បីម្នាក់ឡើងជុំទី3 ជាលើកដំបូងរាប់ពីឆ្នាំ1986 បន្ទាប់ពី Caroline Garcia ចាញ់។
ងាកមកជើងឯក Grand Slam 23កម្មវិធី Serena Williams ក៏បានបន្តដំណើរទៅមុខដែរ ក្រោយកីឡាការិនីអាមេរិករូបនេះយកឈ្នះកីឡាការិនីជប៉ុន Kurumi Nara 6-3, 6-2។ កីឡាការិនីវ័យ 37ឆ្នាំរូបនេះបានចំណាយពេលតែ 1ម៉ោង 7នាទីប៉ុណ្ណោះដើម្បីយកឈ្នះឡើងជុំបន្ត ជួបជាមួយកីឡាការិនីមិត្តរួមជាតិអាមេរិក Sofia Kenin។
ចំណែកការប្រកួតផ្នែកបុរសវិញ កីឡាករស៊ែបលំដាប់លេខ1 ពិភពលោក Novak Djokovic ក៏គ្មានបញ្ហាដែរ ក្រោយយកឈ្នះកីឡាករស្វ៊ីស Henri Laaksonen 6-1, 6-4, 6-3។ កីឡាករវ័យ 32ឆ្នាំរូបនេះនឹងបន្តជួបជាមួយកីឡាករអ៊ីតាលី Salvatore Caruso ដែលទម្លាក់ Gilles Simon។ គូចុងក្រោយកីឡាករអាហ្សង់ទីន Juan Martin del Potro បន្តឡើងជុំទី3 ហើយក្រោយយកឈ្នះកីឡាករជប៉ុន Yoshihito Nishioka 5-7, 6-4, 6-2, 6-7(5-7), 6-2៕
អត្ថបទ៖នាង សុភាវុធ ប្រភពពី: BTV