អ្នក​ចាំ​ទី​​ជម្រើស​ទី​២ Adrian បាន​ក្លាយ​ជា​វីរ​បុរស ខណៈ​ដែល​ការ​សង្គ្រោះ​បាល់​របស់​គេពី​ការ​ស៊ុត​របស់​កីឡាករ Tammy Abraham បាន​ជួយ​ឲ្យ​ក្រុម Liverpool ផ្តួល​ក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​ក្នុង​លទ្ធ​ផល​៥-៤ និង​ឈ្នះ​ពាន UEFA Super Cup កាលពីថ្ងៃ​ពុធ ក្រោយពី​ការ​ប្រកួត​ដ៏​រំភើប​មួយ​ក្នុង​ទីក្រុង Istanbul បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ២-២ បន្ទាប់​ពីនាទី​បន្ថែម​១៥​នាទី​២​ដង​។

រាល់​ការ​​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ទាំង​អស់​សុទ្ធ​សឹង​បាន​ចូល​ទី​យ៉ាង​​ជោគ​ជ័យ នៅមុន​ពេល Mohamed Salah បាន​ចូល​ទៅ​ស៊ុត​គ្រាប់​បាល់​ទី​៥​ចូល​ទី​​យ៉ាងល្អ​សម្រាប់​ក្រុម Liverpool នាកីឡដ្ឋាន​របស់​ក្លិប Besiktas​។ បន្ទាប់​មក ការ​ស៊ុត​បាល់​របស់​កីឡាករ​បម្រុង Abraham ត្រូវ​បាន​ជួយ​សង្គ្រោះដោយ Adrian ដែល​ទើប​តែ​បាន​ផ្ទេរ​ចូល Liverpool ដើម្បី​ធ្វើ​ជា​​កីឡាករ​បម្រុង​សម្រាប់​អ្នក​ចាំ​ទី Allison Becker​។

វា​ជា​ការ​ឈ្នះ​ពាន Super Cup ជាលើក​ទី​៤​របស់​ក្រុម Liverpool ខណៈ​ដែល​ការ​ឈ្នះ​ពាន​ជាលើក​ចុងក្រោយ​របស់​ពួក​គេ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ប​ន្ទាប់​ពីការ​ឈ្នះ​ពានក្របខ័ណ្ឌ Champions League ដែល​ក៏​បាន​កើត​ឡើងក្នុង​ទីក្រុង ​ Istanbul ផងដែរ​។ បច្ចុប្បន្ន​ ពួកគេ​បាន​ឈ្នះ​ពាន​អឺ​រ៉ុប​សរុប​ទាំង​អស់​១៣លើក​។

ប្រភព​ព័ត៌​មាន៖ Channel News Asia