ក្លិបបិសាចក្រហម Manchester United បានចុះហត្ថលេខាជាមួយនឹង Harry Maguire ពីក្លិប Leicester ក្នុងតម្លៃខ្លួនចំនួន៨០លានផោន (ស្មើនឹង៩៧លានដុល្លារអាមេរិក) ដើម្បីធ្វើឲ្យកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ Man United បានបំពេញការនាំយក Maguire ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យារយៈពេល១២ខែបន្ថែមទៀត។
ទឹកប្រាក់ចំនួន៧៥លានផោនដែលក្លិប Liverpool បានចំណាយទិញខ្សែការពារ Virgil van Dijk កាលពីឆ្ណាំ២០១៨ គឺជាកំណត់ត្រាកាលពីមុនសម្រាប់ខ្សែការពារម្នាក់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការចុះហត្ថលេខារបស់ក្លិប Juventus ជាមួយនឹងខ្សែការពារអន្តរជាតិហូឡង់ Matthijs de Ligt កាលពីដើមខែនេះ អាចនឹងកើនដល់៨៥,៥លានអឺរ៉ូ (ស្មើនឹង៧៧លានផោន) បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗ។ នេះក៏ជាតម្លៃខ្លួនជាកំណត់ត្រារវាងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នាផងដែរ ពោលគឺជាតម្លៃខ្លួនដែលបំបែកកំណត់ត្រាផ្ទេររបស់ Van Dijk ទៅកាន់កីឡាដ្ឋាន Anfield ពីក្លិប Southampton និងការផ្ទេររបស់ Romelu Lukaku ពីក្លិប Everton ទៅកាន់ Manchester United។
Maguire បានប្រាប់គេហទំព័ររបស់ក្លិប Man Utd ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការបានចុះហត្ថលេខាលេងឲ្យក្លិបដ៏អស្ចារ្យនេះ។ ខ្ញុំបានជួបពេលវេលាដ៏រីករាយនៅជាមួយនឹងក្លិប Leicester និងចង់ថ្លែងអំណរគុណដល់គ្រប់គ្នានៅក្នុងក្លិបនេះ។ ប៉ុន្តែ នៅពេលដែល Manchester United មកគោះទ្វាររបស់ខ្ញុំ វាជាឱកាសដ៏មិនគួរឲ្យជឿមួយ»៕
ប្រភពព័ត៌មាន៖ Channel News Asia