ក្លឹប Malaga បានបញ្ចប់កិច្ចសន្យាផ្ទេរយកខ្សែបម្រើShinji Okazakiពីក្រុមកញ្ជ្រោងខៀវ Leicester City ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។ម្ចាស់ជ័យលាភីPremierLeagueរដូវកាល(២០១៥-២០១៦)Shinji Okazakiកីឡាករអន្តរជាតិជប៉ុនរូបនេះបានផ្លាស់ទៅលេងនៅក្រុមក្របខណ្ឌលីកលំដាប់ទី២អេស្ប៉ាញ Segunda Division ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំហើយក្លាយជាកីឡាករអាស៊ីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបMalaga ។

Okazaki បច្ចុប្បន្នមានវ័យ៣៣ឆ្នាំធ្លាប់លេងអោយក្លឹបMainzនៅអាឡឺម៉ង់ បានចាកចេញពី Leicester បន្ទាប់ពី កិច្ចសន្យារបស់ខ្លួនផុតកំណត់នៅចុងខែមិថុនា។

គាត់បានចំណាយពេល ៤ រដូវកាលនៅឯកីឡាដ្ឋាន King Power និងបានស៊ុតបាល់បញ្ចូលទីសរុបចំនួន ១៤ គ្រាប់ក្នុងនោះរាប់បញ្ចូលទាំង ៥ គ្រាប់នៅលើផ្លូវឆ្ពោះទៅរកការឈ្នះពានរង្វាន់Premier league នៅរដូវកាល ២០១៥-១៦ ។ Okazaki នឹងត្រូវបានបង្ហាញជាផ្លូវការក្នុងនាមកីឡាករMalaga នៅក្នុងសន្និសិទ្ធសារព័ត៌មាននាថ្ងៃពុធនេះហើយ។