កីឡាការិនីស្នូកឃ័រដ៏ឆ្នើមបំផុតរបស់កម្ពុជា និងជាម្ចាស់ជើងឯកប្រចាំនៅប្រទេសកូរ៉េខាងត្បូង ស្រួង ភាវី បានធ្វើការសុំអភ័យទោស ទៅដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្លួន នៅខេត្តត្បូងឃ្មុំ ខណៈអ្នកស្រី បានសម្រេចយកថវិកាចំនួន៥០០០ដុល្លារ ដែលបានពីការប្រកួតផ្សេងៗនៅកូរ៉េ មកជូនដល់សហព័ន្ធកីឡាស្នូឃ័រ និងប៊ីយ៉ាកម្ពុជា តែមិនទាន់មានអ្វីផ្តល់ជូនដល់សាច់ញាតិរបស់ខ្លួននោះ។
កីឡាការិនី ស្រួង ភាវី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងពិធីប្រគល់ថវិកាចំនួន៥០០០ដុល្លារ (២០លានរៀល) ឲ្យទៅសហព័ន្ធ សហព័ន្ធកីឡាស្នូឃ័រ និងប៊ីយ៉ាកម្ពុជា នៅទីស្នាក់ការធនាគារ PPC Bank កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញថា៖«ខ្ញុំមិនមែនជាអ្នកមាននោះទេ ប៉ុន្តែថវិកា ដែលនាងខ្ញុំជួយឧបត្ថម្ភចំនួន៥០០០ដុល្លារ ដល់សហព័ន្ធនេះ គឺជាការដឹងគុណ ដែលសហព័ន្ធ បានជួយឲ្យខ្ញុំអាចប្រកួតពិភពលោកតំណាងឲ្យកម្ពុជាជាផ្លូវការ ហើយទទួលបានលទ្ធផលល្អ»។
យ៉ាងណាក៏ដោយកីឡាការិនីវ័យ២៨ឆ្នាំរូបនេះ បានបន្ថែមថា៖«ខ្ញុំប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យក្លាយជាកីឡាការិនីដ៏ល្អបំផុត ដើម្បីលេងតំណាងឲ្យប្រទេសជាតិ គឺខ្ញុំនឹងប្រជាជនកម្ពុជា ខកបំណងនោះទេ ប៉ុន្តែខ្ញុំសុំអភ័យទោសដល់សាច់ញ្ញាត និងក្រុមគ្រួសាររបស់ខ្ញុំផងដែរ ដែលខ្ញុំពុំទាន់មានលទ្ធភាពជួយដល់ពួកគាត់នៅឡើយ គឺខ្ញុំសម្រេចជួយសហព័ន្ធសិន»។
គួររំឭកថា ស្រួង ភាវី ឈ្នះពាន ដែលធ្លាប់ឈ្នះបានពាន រួមជាមួយមេដាយមាស ប្រាក់ និង សំរឹទ្ធ ក្នុងព្រឹត្តិការណ៍ធំៗជាច្រើនពីការប្រកួតនៅកូរ៉េ និងលើឆាកអន្តរជាតិ ហើយធ្លាប់បានមេដាយសំរឹទ្ធ ក្នុងការប្រកួតជើងឯកពិភពលោកនោះ គឺជាកូនកសិកក្រីក្រ១រូប ដែលរស់នៅខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។
បទពិសោធជីវិតបែបនេះ បានធ្វើឲ្យ ស្រួង ភាវី នៅតែចងចាំមិនភ្លេច ហើយចង់ជួយដល់ក្មេងៗនៅកម្ពុជា ដែលមានខ្សែជីវិតកម្សត់កម្រដូចខ្លួន ដើម្បីឲ្យក្លាយជាអត្តពលិកកីឡាស្នូកឃ័រ នៅពេលអនាគត។ ហេតុនេះក្រៅពីការផ្តល់ថវិកាជួយដល់សហព័ន្ធ ភាវី ក៏បាននាំយក សម្ភាសសិក្សា និងគ្រឿងបរិភោគមួយចំនួន មកពីកួរ៉េ មកជូនដល់កុមារាកុមារី ដែលមានជីវភាពក្រីក្រ នៅតាមបណ្តាខេត្តមួយចំនួន នៅកម្ពុជាផងដែរ។
កីឡាការិនី ដែលមានប្តីជាជនជាតិកូរ៉េ ស្រួង ភាវី បានបញ្ជាក់ថា៖ «ខ្ញុំជាកូនកសិករក្រីក្រម្នាក់ ដែលធ្លាប់រស់នៅក្នុងជីវភាពជនបទ ប៉ុន្តែពេលខ្ញុំបានរីកចម្រើន តាមរយៈលេងកីឡាដល់កម្រិតកំពូលនោះ ខ្ញុំប្តេជ្ញាមិនភ្លេចមាតុភូមិកម្ពុជានោះទេ ហើយបើមានលទ្ធភាព ខ្ញុំនឹងបន្តជួយសហព័ន្ធ និងក្មេងៗនៅកម្ពុជា ដើម្បីឲ្យពួកគាត់មានលទ្ធភាព អាចក្លាយទៅជាអត្តពលិកជើងខ្លាំង នាពេលអនាគត»៕