កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលជាប់នៅក្រុមជម្រើសក្នុងវិញ្ញាសាប្រដាល់សកលនោះ គ្រោងចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុននាថ្ងៃទី ១ ខែ កញ្ញា ខាងមុខដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំ២០១៩ នេះនៅហ្វីលីពីន។ ការចេញទៅហ្វឹកហាត់នេះ គឺរហូតដល់ថ្ងៃចេញទៅប្រកួតនៅស៊ីហ្គេមតែម្ដង។ ស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅហ្វីលីពីន នឹងចាប់ផ្ដើមនៅថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។
នៅ ស្រីពៅ ដែលកំពុងក្រសោបបានប្រជាប្រិយភាពខ្លាំងក្លាមួយរយៈចុងក្រោយនេះបានថ្លែងថា៖«ឆ្នាំនេះជាលើកទី១ ខ្ញុំទៅចូលរួមនៅស៊ីហ្គេម។ ហើយការចេញទៅហាត់នៅជប៉ុននេះ គឺ ដើម្បីបង្កើនបច្ចេកទេស និង នាំយកលទ្ធផលល្អជូនអ្នកគាំទ្រនិង ជាតិវិញ។ ខ្ញុំរំភើបចិត្ត នេះជាលើកទី១ ដែលខ្ញុំមានឱកាសទៅហ្វឹកហាត់ក្រៅប្រទេស។ ខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើនអំពីការហ្វឹកហាត់នេះ»។
ជារឿយៗ មុនចេញទៅប្រកួតនៅស៊ីហ្គេម ក្រុមកីឡាករប្រដាល់ជម្រើសជាតិតែងតែទៅហ្វឹកហាត់ និង បោះជំរំនៅប្រទេសថៃ។ ប៉ុន្តែឆ្នាំនេះទទួលបានឱកាសទៅទៅហ្វឹកហាត់នៅជប៉ុន ដែលជារឿងមួយល្អនៅប្រទេសមានវិន័យតឹងរ៉ឹងមួយនេះ។ កាលឆ្នាំ ២០១៧ លោក វ៉ែន សុផល បានដឹកនាំកីឡាករ ៣ នាក់ទៅហាត់នៅប្រទេសថៃរយៈពេល១ខែពេញមុនចេញទៅស៊ីហ្គេម រួមមាន ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង) ម្ចាស់មេដាយសំរឹទ្ធឆ្នាំ ២០១៧, ផល សោភ័ណ្ឌ និង កីឡាករកូនកាត់ខ្មែរ-គុយបាឈ្មោះ ហ្វីលីក។
ជាមួយគ្នានោះលោក វ៉ែន សុផល គ្រូបង្វឹកប្រដាល់សកលជម្រើសជាតិបានរៀបរាប់ថា តាមកិច្ចព្រមព្រៀង ភាគីជប៉ុន និង កម្ពុជាគឺបញ្ជូនកីឡាករម្នាក់ ណាត សៀកនិន ហៅម្ទេសខ្មាំង និង កីឡាការិនី នៅ ស្រីពៅ និង វី ស្រីខួច។ គ្រូបង្វឹកប្រដាល់សកលជម្រើសជាតិសង្កត់ធ្ងន់ដូច្នេះ៖« ៣នាក់នេះគេល្អ ដូច្នេះបញ្ជូនទៅហ្វឹកហាត់នៅជប៉ុនដើម្បីបង្កើនបច្ចេកទេសថែមទៀត។ ស្រីពៅ មានបច្ចេកទេសកើនឡើង ខ្ញុំគិតថា ស្រីពៅ នឹងធ្វើបានល្អនៅ ស៊ីហ្គេមចុងឆ្នាំនេះ។ ហើយមួយទៀតបើសិនយើងសំណាងចាប់គូទៀតរឹតតែល្អ។ ការចាប់គូគឺ បើប៉ះ ថៃ ឬ ហ្វីលីពីន យើងលំបាកបន្តិច។ តែវាជារឿងល្អពេលទៅហាត់ជប៉ុន គឺ ហាត់ខ្លាំង ១០០% ។
បើនៅខ្មែរអាចប្រើពេលទៅនេះ ទៅនោះ ឬ អាចហាត់ច្របល់គ្នា គុនខ្មែរផង ប្រដាល់សកលផង ដើម្បីឡើងប្រកួតលើរេញនានា។ យើងទៅវ៉ៃសកល យើងត្រូវផ្ដោតលើការហាត់សកល»។ យ៉ាងណាក្ដី គ្រូបង្វឹកដដែលនេះបានយល់អំពីគ្រូបង្វឹក និង កីឡាករមួយចំនួននៅក្លិបដែលសុំឡើងសង្វៀនប្រដាល់សេរីដោយសារតែជីវភាព។ លោកបន្តថាកីឡាករ-កីឡាការិនីប្រដាល់សកល ដែលគ្រោងទៅប្រកួតនៅស៊ីហ្គេមមាន ៦ នាក់ ក្នុងនោះកីឡាករ ៤ នាក់ និង កីឡាការិនី ២ នាក់។ គ្រូបង្វឹកដដែលរូបនេះរំពឹង ថាកីឡាករ-កីឡាការិនីទាំង៣ ខាងលើនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងគោលបំណងនាំយកលទ្ធផលល្អនៅស៊ីហ្គេម។
គួរដឹងថា នៅ ស្រីពៅ ជាកីឡាការិនីជម្រើសជាតិលេចធ្លោម្នាក់មិនថានៅជម្រើសជាតិ ឬ ការឡើងប្រកួតសង្វៀនទូទៅឡើយ។ ស្រីពៅ លេចធ្លោតាំងពីចុងឆ្នាំ ២០១៨ ពេលទទួលបានងារជាកីឡាការិនីឆ្នើមពីសង្វៀន World Lethwei Championship។ កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះបានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាស្គាល់កាន់តែច្រើនឡើងតាមរយៈឡើងសង្វៀនលំដាប់អន្តរជាតិ ONE ពីរលើកកន្លងទៅ។ ស្រីពៅ ឡើងប្រកួតលើឆាកអន្តរជាតិចំនួន ៤ ដងទាំងនៅ មីយ៉ាន់ម៉ា និង សង្វៀន ONE ក្នុងនោះឈ្នះ ៣ លើកនិងចាញ់ពិន្ទុ ១លើក។ ជ័យជម្នះ ៣ លើកដូចជា ឈ្នះ កីឡាការិនីមីយ៉ាន់ម៉ា Shwe Sin Min ២ដង និង ឈ្នះ កីឡាការិនីថៃ Rika Ishige តែចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាលខែឧសភា៕