ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​សង្កត់​ធ្ងន់​ចំពោះ​គ្រូ​បង្វឹក​ និង​កីឡាករ​មួយ​ចំនួន​ មិន​ត្រូវ​បង្ហោះ​ព័ត៌មាន​ផ្ដេសផ្ដាស​លើបណ្ដាញ​សង្គម​ហ្វេសបុក​ (Facebook)​ នោះ​ឡើយ​ បើ​មាន​រឿង​អយុត្តិធម៌​ផ្សេងៗ​អាច​ប្រាប់​លោក​បាន​នឹង​ដោះស្រាយ​ជូន។​

ឯកឧត្ដម​ តែម​ ម៉ឺន​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​សហព័ន្ធ​នឹង​ទប់ស្កាត់​ព័ត៌មាន​អនាធិបតេយ្យ​លើ​ហ្វេសបុក​(Facebook)​ ក្នុង​ករណី​ជន​ណា​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​នៅ​ទី​ណា​ក៏​ដោយ។​

ទិដ្ឋភាពពេលប្រជុំ

តំណាង​ស្ថាប័ន​ប្រដាល់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​គ្រូ​ៗ​ ឬ​មន្ត្រី​សហព័ន្ធ​ដែល​មាន​ Account Facbook​ ច្រើន​ ខ្លះ​ប្រើ​ផ្លូវការ​ ហើយ​ខ្លះ​ទៀត​ប្រើ​លេង​សើច​ក៏​ដោយ​ប្រយ័ត្ន​ឲ្យ​មែនទែន​មិន​ត្រូវ​បង្ហោះ​ផ្ដេសផ្ដាស​នោះ​ទេ។​ មជ្ឈដ្ឋាន​ខាង​ក្រៅ​គេ​លូកលាន់​បាន​ គឺ​ដោយ​សារ​តែ​អ្នក​ក្នុង​នេះ​ឯង​លេង​គ្នា​ឯង។​ ចំពោះ​អ្នក​ណា​មាន​ការ​មិន​ពេញ​ចិត្ត​ ឬ​រង​នូវ​ភាព​អយុត្តិធម៌​ណា​មួយ​សូមរៀបចំ​ឯកសារ​មក​ លោក​នឹង​ពិនិត្យ​ដោះស្រាយ​ភ្លាម​។ ប៉ុន្តែ​បើ​បង្ហោះ​លើ​ហ្វេសបុក​ហើយ​ បាន​ដាក់​ឯកសារ​មក​តាម​ក្រោយ​ គឺ​ឯកឧត្ដមមិន​ដោះស្រាយ​ដាច់ខាត ហើយ​ចាត់​ទុក​ថា​ខុស​វិន័យ​ក្រម​សីលធម៌។​

ទិដ្ឋភាពពេលប្រជុំ

រំលឹក​ដែរ​ថា​ ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​ប្រដាល់​ខាង​លើ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​បូក​សរុប​ការងារ​ប្រចាំ​ត្រីមាស​ លើក​ទិសដៅ​ថ្មី​ និង​ចំណាត់​តាំង​៣​ ដល់​មន្ត្រី​សហព័ន្ធ​នានា​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕​​