ស៊ីហ្គេម៖ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណផលនៃការហាត់ហ្វឹកហ្វឺន របស់កីឡាករជម្រើសជាតិត្រៀមការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា មន្ទីរពេទ្យធំៗចំនួន៤ នឹងទទួលព្យាបាលកីឡាជម្រើសជាតិដោយមិនយកថវិកា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសមួយ ដោយឲ្យអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យរដ្ឋធំៗទាំង៤ មានមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី និងមន្ទីរពេទ្យព្រះអង្គឌួង ឲ្យរៀបចំនូវគោលការណ៍ពិនិត្យសុខភាពព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ក្រុមអត្តពលិកថ្នាល និងក្រុមជម្រើសជាតិទាំងអស់។
នៅក្នុងសេចក្តីប្រកាសនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំធ្វើការប្រមូលផ្ដុំគ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិចំនួន ១០០៤នាក់ ដោយហាត់ហ្វឹកហ្វឺនបង្កើនប្រសិទ្ធភាព និងគុណផលដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕
By: BTV