Gianfranco Zola ជួបរឿងខកចិត្តបន្ទាប់ពីបានរង់ចាំការសម្រេចចិត្តពីសំណាក់ក្លឹប Chelsea បានប្រាប់ ថារូបលោក នឹង មិនមែនជាផ្នែកមួយនៃបុគ្គលិកហ្វឹកហាត់របស់គ្រូបង្វឹកលោកថ្មី Frank Lampard ឡើយ។ ម្ចាស់ជើងឯកEuropa League បានប្រកាសពីការចូលកាន់តំណែងរបស់Lampard ទៅកាន់កីឡដ្ឋាន Stamford Bridge កាលពីថ្ងៃព្រហស្បតិ៍និង ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំបន្ទាប់ពីវីរបុរសរូបនេះ បានបង្ហាញបច្ចេកទេសដឹកនាំគួរចាប់អារម្មណ៏ជាមួយក្លឹបDerby Country ឡើងមកដល់វគ្គPlay-Off។
បន្ទាប់ពីការបង្ហាញខ្លួនរបស់ Lampard ក្លឹបChelsea បានបញ្ជាក់ថាអតីតជំនួយការគ្រូបង្វឹកលោក Maurizio Sarri នឹងមិនត្រូវផ្តល់តួនាទីបន្តសម្រាប់ក្រុមទៀតឡើយ ហើយត្រូវជំនួសវិញដោយបេក្ខភាព Jody Morris, Chris Jones, Joe Edwards និង Eddie Newton ។
ក្រោយការសម្រេចិត្តបែបនេះអតីតខ្សែបម្រើប្រវត្តិសាស្រ្តក្លឹបលោក Zola បានប្រាប់កាសែត The Sun ថា វាមានភាព យឺតយ៉ាវសម្រាប់ការសម្រេចចិត្តនេះហើយ តំណែង អ្នកចាត់ការរបស់ក្រុមដទៃទៀតត្រូវបានជ្រើសរើសធ្វើអោយខ្ញុំខកខានដោយសារតែរង់ចាំការសម្រេចដ៏យឺតយ៉ាវមួយនេះ។ អ្វីដែលសំខាន់បំផុតគឺខ្ញុំចង់បន្តទៅ អនាគត របស់ខ្ញុំ។ ខ្ញុំចង់ស្នាក់នៅប្រទេសអង់គ្លេស។ មូលហេតុដូច្នេះហើយទើបខ្ញុំត្រូវរង់ចាំមើលថាតើមានអ្វីកើតឡើងនៅពេលនេះ។
បុរសសញ្ជាតិអ៊ីតាលីZola ធ្លាប់មានបទពិសោធន៏ជាគ្រូបង្គោលដឹកនាំក្រុម West Ham, Watford, Cagliari, Al-Arabi និងក្រុម Birmingham នាពេលកន្លងមកមុនពេលធ្វើជាជំនួយការគ្រូបង្វឹកChelsea ក្រោមការដឹកនាំ របស់អតីតគ្រូបង្វឹកលោក Sarri ដែលបានសម្រេចវិលត្រលប់ទៅដឹកនាំJuventusនៅរដូវកាលថ្មី ក្រោយចំណាយពេលត្រឹម១រដូវកាលដឹកនាំChelsea រដូវកាលចាស់នោះ។