ក្រោយពី Frank Lampard បានចាកចេញទៅដឹកនាំChelsea ក្រុម Derby County បានសម្រេច តែងតាំងអតីតគ្រូបង្វឹក PSV លោក Phillip Cocu ជាគ្រូបង្វឹកថ្មីដើម្បីដឹកនាំក្រុមបន្ត។ អតីតខ្សែបម្រើអង់គ្លេសLampard បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកចាត់ការថ្មីក្រុម Chelsea កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេល១រដូវកាលដំបូងគួរអោយចាប់អារម្មណ៏ក្នុងការដឹកនាំ ក្រុម Derby បើទោះបីជាបានត្រឹមជួយក្រុមឈាន ដល់វគ្គផ្តាច់ព្រ័ត្រប៉ុន្តែចាញ់ក្រុម Aston Villa ២-១ និងខកខានឪកាសឡើងមកលេងនៅក្របខណ្ឌPremier League រដូវកាលថ្មីនេះក៏ដោយ។
Cocuអតីតកីឡាករក្រុមជម្រើសជាតិហូឡង់ និង គ្រូបង្វឹកក្លឹបFenerbahce លោក Cocu បានចុះ កិច្ចសន្យារយៈពេលបួនឆ្នាំនៅទឹកដី Pride Park ក្រោយពីធ្លាប់ទទួលជោគជ័យដឹកនាំ PSV កាលពីឆ្នាំ ២០១៣ ហើយធ្លាប់ជួយក្លឹបលើកពានលីកកំពូលហូឡង់ Eredivisie បីដង មុនពេលចេញទៅដឹកនាំក្លឹបតួកគីនៅឆ្នាំ ២០១៨ ។
ក្រោយផ្លាស់ទៅ ដឹកនាំក្លឹបFenerbahce លោកCocu មិនទទួលបានជោគជ័យនោះទេ ក្រោយពី១៦ប្រកួតស្គាល់ជ័យជំនះតែ៤ដង លោកត្រូវបានក្លឹបបញ្ចប់តួនាទី កាលពីខែតុលាឆ្នាំ ២០១៨។