ក្លិប Derby County បានអនុញ្ញាតឲ្យអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Frank Lampard មានសិទ្ធិក្នុងការមិនចូលរួមក្នុងកម្មវិធីហ្វឹកហាត់មុនបើករដូវកាលរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Championship មួយនេះ ស្របពេលដែលអតីតខ្សែបម្រើរូបនេះ ត្រូវបានរំពឹងទុកថា នឹងបំពេញការវិលត្រឡប់របស់គេទៅកាន់ក្លិប Chelsea នៅត្រឹមសប្តាហ៍នេះ។ កាលពីសប្តាហ៍មុន លោក Lampard ត្រូវបានអនុញ្ញាតឲ្យពិភាក្សាដោយផ្ទាល់ជាមួយនឹងក្រុមតោខៀវ ដែលជាក្រុមរូបលោកបានឈ្នះពានចំនួន១២ ក្នុងរយៈពេល១៣ឆ្នាំក្នុងនាមជាកីឡាករម្នាក់នៅកីឡដ្ឋាន Stamford Bridge។
ក្លិប Derby បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ក្លិប Derby County បានផ្តល់សិទ្ធិទៅឲ្យលោក Frank Lampard ក្នុងការមិនធ្វើរបាយការណ៍សម្រាប់ការហ្វឹកហាត់នៅមុនបើករដូវកាល កាលពីថ្ងៃចន្ទ ហើយនៅថ្ងៃអង្គារនេះ យើងនឹងអនុញ្ញាតឲ្យមានការពិភាក្សាទាក់ទងនឹងការផ្ទេរជាសក្តានុពលមួយទៅកាន់ក្លិប Chelsea ដើម្បីបំពេញការផ្ទេរឲ្យបានឆាប់តាមដែលអាច»។ ក្លិប Derby បានបន្ថែមទៀតថា៖ «ដោយគិតថា លោក Frank នឹងឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Chelsea ដើម្បីក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្លិបគួរតែចាប់ផ្តើមខិតខំស្វែងរកគ្រូបង្វឹកថ្មីមកជំនួសមកជំនួស»។ ក្លិប Chelsea កំពុងតែស្វែងរកអ្នកចាត់ការទូទៅថ្មីម្នាក់ ចាប់តាំងពីលោក Maurizio Sarri បានចាកចេញពីតំណែងរបស់លោក ដើម្បីទៅដឹកនាំក្លិប Juventus កាលពីខែមុន»៕
ប្រភពព័ត៌មាន៖ Channel News Asia