លោក Tite គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានទទួលស្គាល់កាលពីថ្ងៃចន្ទថា លោកមិនបានដេកអស់ជាច្រើនយប់ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ Copa America វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Tite បានចូលកាន់តំណែងជំនួសលោក Dunga ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីល បានបង្ហាញពីទម្រង់លេងយ៉ាងអន់ក្នុងព្រឹត្តិការណ៍ Centenario Copa America ឆ្នាំ២០១៦ ហើយលោកបានបញ្ជាក់ថា លោកមានអារម្មណ៍ភិតភ័យនៅពេលនេះ ដូចដែលលោកទើបតែបានដឹកនាំក្រុមជម្រើសជាតិប៉ុន្មានប្រកួតដំបូងអ៊ីចឹង។
នៅមុនពេលការប្រកួតនៅរាត្រីថ្ងៃអង្គារ (ត្រូវនឹងព្រឹកថ្ងៃពុធ នៅកម្ពុជា) នាកីឡដ្ឋាន Mineirao ក្នុងទីក្រុង Belo Horizonte ដែលជាកន្លែងក្រុមជម្រើសជាតិប្រេស៊ីល បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ៧-១ ក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក Tite បានឲ្យដឹងថា៖ «ខ្ញុំមិនបានដេកលក់ស្រួលឡើយ។ ខ្ញុំមិនមែនជា Superman ឡើយ។ ខ្ញុំអាចដោះស្រាយបញ្ហានេះបាន»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «កាលពីថ្ងៃម្សិលមិញ ខ្ញុំបានភ្ញាក់នៅម៉ោង៣:១៥ពឹក ខ្ញុំបានគិតអំពីអ្វីដែលខ្ញុំនឹងត្រូវធ្វើ។ ក្នុងនាមជាគ្រូបង្វឹកម្នាក់ ខ្ញុំតែងតែមានកំណត់ត្រាក្បែរខ្ញុំដើម្បីសរសេរ។ នោះគឺជាគ្រូបង្វឹកពិតប្រាកដម្នាក់ មិនមែនត្រឹមតែខ្ញុំឡើយ។ លោក Lionel Scolari គ្រូបង្វឹករបស់អាហ្សង់ទីន ក៏ធ្វើអ៊ីចឹងដែរ»។ ការប្រកួតនេះ ត្រូវបានចាត់ទុកថា ជាការប្រកួតរវាងតារាឆ្នើមៗរបស់អាហ្សង់ទីនដូចជា Lionel Messi និង Sergio Aguero ជាមួយនឹងក្រុមខ្លាំងរបស់ប្រេស៊ីល៕
ប្រភពព័ត៌មាន៖ Channel News Asia