ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ Jomary Torres ឬ ហៅក្រៅថា «The Zamboanginian Fighter» ត្រូវបានគេកត់សម្គាល់ថាជាកីឡាការិនីគុនចម្រុះលេចធ្លោ និងជោគជ័យម្នាក់ក្នុងប្រភេទទម្ងន់ Atomweight លើសង្វៀន ONE Championship។ កីឡាការិនីសញ្ជាតិហ្វីលីពីន ធ្វើបានល្អខ្លាំងណាស់ដោយឈ្នះ ៣លើកជាបន្តបន្ទាប់ ដូចជាឈ្នះកីឡាការិនីថៃ Rika Ishige, ឈ្នះជើងខ្លាំងឥណ្ឌូណេស៊ី Nita Dea, និង April Osenio។ ឥឡូវ Jomary ត្រូវតតាំងនឹងជើងខ្លាំងម្ចាស់ផ្ទះ Jihin Radzuan ដែលមានរហស្សនាម «Shadow Cat » ក្នុងការប្រកួតគុនចម្រុះនៅសង្វៀន ONE: MASTERS OF DESTINY នាក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រទី ១២ ខែ កក្កដា ខាងមុខ។ Jomary តែងតែបង្កើនសមត្ថភាពរបស់ខ្លួនជានិច្ច បន្ទាប់ពីរូបគេចាកចេញពីជីដូនដើម្បីស្វែងរកឱកាសការងារថ្មីនៅខេត្ត Zamboanga del Norte ក្នុងប្រទេសហ្វីលីពីន។
នៅពេលកំពុងធ្វើការងារជាមេដោះ Jomary បានជួបកីឡាករ Ruel Catalan ហើយបានណែនាំឲ្យទៅហ្វឹកហាត់ក្បាច់គុន។ Jomary បានចំណាយពេលរបស់ខ្លួនមើលថែកូនថៅកែម្នាក់ដើម្បីបញ្ចប់ការសិក្សា។ ពេលនោះគេត្រឹមបានមើលការហ្វឹកហាត់របស់ របស់កីឡាករកីឡាការិនីនៅក្លិប Catalan Fighting System MMA និង Fitness Gym តែប៉ុណ្ណោះ។ ក្លិបនោះនៅក្បែរសាលាដែលកូនថៅកែរបស់ខ្លួនរៀន។
ទីបំផុត Jomary បានទាក់ទងទៅកាន់ Facebook Page ហើយគេមិនដឹងខ្លួនសោះថាបានសន្ទនាជាមួយគ្រូបង្គោល Rene Catalan និងជាអ្នកធ្លាប់ប្រជែងខ្សែក្រវាត់ ONE Strawweight World Title។ កីឡាការិនិសញ្ជាតិហ្វីលីពីន រំលឹកថា ៖«ខ្ញុំចាប់អារម្មណ៍នឹងក្លិបតាមរយៈ fan page ហើយខ្ញុំមិនដឹងថា គ្រូបង្វឹក Rene ជាអ្នកកាន់ហ្វេសប៊ុកនោះសោះ។ ដំបូងឡើយ គាត់ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាអ្នកទទួលរាក់ទាក់ភ្ញៀវសម្រាប់ក្លិប (Receptionist) ដោយធ្វើការងារទទួលសំណួរ និង គ្រប់គ្រងសមាជិក។ មុនដំបូងខ្ញុំស្ទាក់ស្ទើរដោយសារខ្ញុំជាប់ការងារខ្ញុំនៅឡើយ»។
បន្ទាប់មកទៀត Jomary បានទៅជួប គ្រូបង្វឹក Rene ដើម្បីទទួលបានការស្វែងយល់អំពីការងារកាន់តែច្បាស់។ «ខ្ញុំគិតថានេះការងារល្អ ដូច្នេះខ្ញុំសម្រេចចិត្តទទួលយកឱកាសនេះតែម្ដង។ ខ្ញុំក៏ឈប់មើលថែក្មេង ហើយក៏យកឥវ៉ាន់ មកធ្វើការនៅក្លិប នាថ្ងៃបន្ទាប់»។ កីឡាការិនីវ័យ ២៣ បញ្ជាក់បែបនេះ។ ដោយមានចំណេះដឹងតិចតួចខាងក្បាច់គុន គ្រូបង្វឹក Rene ក៏ខិតខំជួយជ្រោមជ្រែងបន្ថែមហើយ កីឡាការិនីរូបនេះឆាប់ចាប់បានលឿន និង ឈានដល់ការប្រកួតទៀតផង។ មុនដំបូង គ្រូបង្វឹក Rene ឲ្យហ្វឹកហាត់ថ្នាក់កម្រិតទាប ហើយក៏លោកមើលឃើញអំពីសក្ដានុពល និង អនុញ្ញាតឲ្យឡើងប្រកួត kickboxing ស្ម័គ្រចិត្តទៀតផង។
កីឡាការិនីដដែលបញ្ជាក់ ៖«ខ្ញុំមិនរំពឹងថាឈ្នះទេ ក្នុងប្រកួតលើកដំបូង តែវាជាការចាប់ផ្ដើមការប្រកួតក្បាច់មួយថៃ និង kickboxing »។ ទោះពី Ruel មិននៅក្នុងក្លិប ប៉ុន្តែ គេបានបង្កើតទំនាក់ទំនងល្អថ្មីៗជាមួយ Rene និង Robin Catalan អំឡុងពេលស្នាក់នៅហ្វឹកហាត់ក្បាច់គុននេះ។ «The Zamboanginian Fighter» រៀបរាប់ថា ក្នុងពេលមួយមកដល់ក្លិបប្រដាល់ គេមិនបានដឹងថាគ្រូបង្វឹក Robin និង Rene ជាបងប្អូននឹងគ្នាទេ ព្រោះមិនសូវហ៊ានជជែកដោយសារភាពភ័យខ្លាច ប៉ុន្តែ ទំនាក់ទំនងកាន់តែប្រសើរពេលបានហ្វឹកហាត់ជាមួយគ្រូបង្វឹកទាំងពីរ។ រយៈប៉ុន្មានឆ្នាំចុងក្រោយទើប គ្រូនិងសិស្សមានទំនាក់ទំនងល្អនឹងគ្នា។
Rene ត្រូវបាន Jomary ចាត់ទុកដូចឳពុកដោយវិន័យតឹងរ៉ឹង។ ចំណែក Robin ត្រូវបាន Jomary ចាត់ទុកជាបងប្រុសដែលតែងតែយកចិត្តទុកដាក់ ដូចលោកយកចិត្តលើកូនសិស្សដទៃអីចឹង។ កីឡាការិនីគុនចម្រុះរូបនេះគូសបញ្ជាក់បែបនេះ៖ «យើងមិនដែលមានបញ្ហានៅក្លិប។ បើសិននរណាម្នាក់មានបញ្ហា អ្នករាល់គ្នាតែងតែជួយដោះស្រាយ។ យើងដូចគ្រួសារតែមួយ។ យើងជួយគ្នាទៅវិញទៅមកក្នុងរូបភាពផ្សេងៗ។ ខ្ញុំនៅទីនេះ ៣ ឆ្នាំមកហើយ ពួកយើងស្គាល់គ្នាកាន់តែល្អប្រសើរទៅ ទោះមិននៅជាប់ជាមួយរាល់ពេលក្ដី»។
រហូតដល់បច្ចុប្បន្ននេះគ្រូបង្វឹក Rene នៅតែបន្តជាសសរទ្រូងដ៏រឹងមាំនៅក្នុងជីវិតរបស់ Jomary ។ Rene មិនត្រឹមតែជួយដុះខាត់ជំនាញក្បាច់គុនដល់ Jomary ទេប៉ុន្តែថែមទាំងបណ្ដុះស្មារតី និង ភាពជឿជាក់ទៀតផង។ «គាត់តែងតែប្រាប់ពួកយើងឲ្យល្អ ហើយ គ្មានរឿងល្អណាដែលចេញពីអំពើអាក្រក់នោះឡើយ។ គាត់តែងតែនិយាយអំពីព្រះ ហើយគាត់តែងតែទៅគោរពព្រះរៀងរាល់ថ្ងៃអាទិត្យ។ គាត់តែងតែនឹកដល់ព្រះមុនពេលធ្វើអ្វីមួយជារៀងរាល់ថ្ងៃ»។
Jomary មានភាពជឿជាក់ដើម្បីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Jihin Radzuan ហើយគេនឹងប្រើជំនាញដែលគ្រូបង្វឹកបានផ្ដល់ក្នុងគោលដៅទទួលជ័យជម្នះ។ Jomary ថា ព្រះនឹងជួយដល់ខ្លួនមិនខានបន្ទាប់ពីហ្វឹកហាត់ និង ត្រៀមខ្លួនបានល្អរៀងរាល់ប្រកួត។
ក្រៅពីជើងខ្លាំងគូពិសេសជាច្រើន ជើងខ្លាំងសញ្ជាតិថៃ Petchmorakot ត្រូវតតាំងជាថ្មីទល់នឹងកីឡាករសញ្ជាតិអ៊ីតាលី Giorgio Petrosyan ក្នុងវគ្គ ៨ នាក់ចុងក្រោយនៃកម្មវិធី ONE Featherweight Kickboxing World Grand Prix នៅសង្វៀន ONE: MASTERS OF DESTINY ជាមួយគ្នា។ ONE Featherweight Kickboxing World Grand Prix មានប្រាក់រង្វាន់ ១ លានដុល្លារអាមេរិកសម្រាប់អ្នកឈ្នះជើងឯក៕