អ្នកចាំទី Thibaut Courtois បាននិយាយថាខ្សែប្រយុទ្ធ Eden Hazard មានទម្រង់លេងល្អជិតដូចដើមវិញហើយក្នុងព្រឹត្តិការណ៍ Euro 2020 នេះ។
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅរាត្រីនេះ សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ នេះជាការប្រកួតធំមួយសម្រាប់ព្រឹត្តិការណ៍នេះ ព្រោះថាពេលនេះបែលហ្សិកកំពុងនៅលេខ១លើលោក ហើយក្រុមព័រទុយហ្គាល់វិញ ជាក្រុមការពារតំណែងជើងឯក Euro ។
ដោយមុនការប្រកួតនេះចាប់ផ្ដើម Thibaut Courtois អ្នកចាំទីបែលហ្សិក បាននិយាយពីទម្រង់លេងក្រុម ជាពិសេសខ្សែប្រយុទ្ធសំខាន់ Hazard តែម្ដង។ Courtois បានបញ្ជាក់ថា៖ “ខ្ញុំគិតថា Eden ពិតឈានទៅរកទម្រង់លេងល្អរបស់ខ្លួនវិញហើយ។ ប៉ុន្មានខែមកនេះនៅអេស្ប៉ាញ មិនមែនជារឿងស្រួលសម្រាប់គាត់ទេ។ ខ្ញុំបានឃើញគាត់លេងបានយ៉ាងល្អ ប៉ុន្តែក៏នៅមានបញ្ហាខ្លះដែរ។ វាមិនមែនជារឿងងាយស្រួលទេក្នុងការត្រលប់ដូចដើមវិញពីរបួសកជើង”៕
ប្រភព៖ Dailymail