(ក្រុងរ៉ូម)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Euro 2020 មុនគេ នៅពេលរកបាន ៦ពិន្ទុពេញពីការប្រកួតទី២ សន្សំពិន្ទុប្រចាំពូល A ក្រោយបំបាក់ស្វីស ៣-០ នៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្រុមដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអ៉ីតាលី លោក Roberto Mancini ផងនោះ អ៉ីតាលីបន្តរកបាន ៣ពិន្ទុជាលើកទី២ នៅកីឡដ្ឋាន Stadio Olimpico ដែលស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី ជាទីដែលបានយកឈ្នះតួកគី ៣-០ ផងដែរ កាលពីថ្ងៃបើកឆាក Euro 2020 លើកទី១៦ ដោយនៅសល់ ១ប្រកួតបង្រ្គប់កិច្ច ត្រូវប៉ះជម្រើសជាតិវ៉េលនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
១ប្រកួតនៅយប់មិញនេះដែរ ក្រុមជម្រើសជាតិវ៉េលរបស់ Gareth Bale ក៏រកបាន៣ពិន្ទុផងដែរ ពេលយកឈ្នះតួកគី ២-០ ដោយរកបាន ៤ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួត មានសង្ឃឹមឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចអ៉ីតាលី ប្រសិនបើធ្វើបានល្អពេលប៉ះអ៉ីតាលី នៅបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលចុងសប្តាហ៍នេះ៕