Kevin de Bruyne នឹងត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅថ្ងៃច័ន្ទនេះ ក្រោយទទួលការវះកាត់របួសនៅលើផ្ទៃមុខរបស់ខ្លួនរួចរាល់ហើយនោះ។ ខ្សែបម្រើឆ្នើមវ័យ ២៩ ឆ្នាំរបស់ក្រុមមេឃខៀវ Man. City បានរងរបួសបាក់ច្រមុះនិងប៉ះពាល់ប្រស្រីភ្នែកខាងឆ្វេងក្រោយប៉ះទង្គិចគ្នាជាមួយខ្សែការពារអន្តរជាតិអាឡឺម៉ង់ Antonio Rudiger របស់ Chelsea សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។
បែលហ្ស៊ិកនិងត្រូវជួបប្រកួតបើកឆាកជាមួយរុស្ស៊ីក្នុងការប្រកួតពានរង្វាន់យូរ៉ូឆ្នាំ ២០២០ របស់ពួកគេនៅថ្ងៃទី ១២ ខែមិថុនាមុនពេលជួប ដាណឺម៉ាក នៅថ្ងៃទី១៧ មិថុនា និងបន្តជួបហ្វាំងឡង់នៅថ្ងៃទី២១ មិថុនាផងដែរ ។ បែលហ្ស៊ិកដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ FIFA សង្ឃឹមថានិងមានវត្តមានតួអង្គដ៏សំខាន់របស់ពួកគេគឺ De Bruyne សម្រាប់ប្រជែងពានដ៏ធំប្រចាំទ្វីបអឺរ៉ុបមួយនេះ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប៊ែលហ្សិកសញ្ជាតិអេស្បាញលោក Roberto Martinez មានប្រសាសន៍ជុំវិញបញ្ហានេះថាៈ ប្រតិបត្តិវះកាត់បានចំណាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ ដំណើរការប្រព្រឹត្តទៅបានយ៉ាងល្អ ដូច្នេះ De Bruyne និងមិនចំណាយពេលពេលវេលាព្យាបាលយូរទៀតនោះទេ។
ប្រភព៖ BBC