សារព័ត៌មាន Reuters រាយការណ៍ថា សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងជើងបានបញ្ជាក់ទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីការដកខ្លួនពីវគ្គជម្រុះ FIFA World Cup 2022។ ការសម្រេចបែបនេះដោយសារតែមានការព្រួយបារម្ភ ជុំវិញជំងឺកូវីដ១៩ពេលការប្រកួតធ្វើឡើងនៅកូរ៉េខាងជើង សម្រាប់ពូល H។

AFC កំពុងពិនិត្យសំណើពីសហព័ន្ធកូរ៉េខាងជើង និងសម្រេចចិត្តឆាប់ៗនេះ។ ប្រសិនបើកូរ៉េខាងជើងមិនចូលរួម មានន័យថា លទ្ធផលមុនៗនឹងត្រូវលុបចោល។ កូរ៉េខាងជើងស្ថិតនៅលេខ៤ ពូល H មាន៨ពិន្ទុពីការប្រកួត៥លើក ស្មើ២ក្រុមផ្សេងទៀត គឺ លីបង់ និងកូរ៉េខាងត្បូង ខណៈទួរមីនីស្ថាន ឈរកំពូលតារាងមាន៩ពិន្ទុ។

ប្រសិនបើមិនដកខ្លួន កូរ៉េខាងជើងនៅមានឱកាសទៅកាន់វគ្គជម្រុះបន្ត។ ដូច្នេះក្រុមនៅសល់មានលីបង់, ស្រីលង្កា, កូរ៉េខាងត្បូង និងទួរមីនីស្ថាន។ នេះមិនមែនជាលើកទី១ទេដែលក្រុមកីឡាកូរ៉េខាងជើងដកខ្លួនពីការប្រកួត។ ពីមុន ពួកគេប្រកាសមិនចូលរួមអូឡាំពិក ២០២១ នាក្រុមតូក្យូ ដោយសារហេតុផលដូចគ្នា៕