លោក Rafael Benitez នឹងចាកចេញពីក្លិប Newcastle United ក្រោយពីដឹកនាំបានរយៈពេល៣ឆ្នាំក្នុងនាមជាអ្នកចាត់ការទូទៅ នៅពេលដែលកិច្ចសន្យារបស់លោក ផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃចន្ទ។ ក្លិប Newcastle បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាពិតជារឿងដ៏គួរឲ្យខកចិត្តណាស់ដែលយើងប្រកាសថា លោក Rafael Benitez នឹងចាកចេញពីក្លិប Newcastle United ក្នុងពេលកិច្ចសន្យារបស់លោកផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩»។
បើទោះបីមិនអាចជួយឲ្យក្រុម Newcastle បន្តលេងក្នុងក្របខ័ណ្ឌកំពូល ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកាន់តំណែងក៏ដោយ ប៉ុន្តែ លោក Benitez បានក្លាយជាវីរបុរសសម្រាប់ក្រុម Newcastle ខណៈដែលលោកបានដឹកនាំឲ្យក្រុម Newcastle វិលទៅកាន់ក្របខ័ណ្ឌ Premier League ភ្លាមៗ និងបានរក្សាស្ថិរភាពក្នុងក្លិបនេះ តាមរយៈការដឹកនាំឲ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ និងលេខ១៣ ក្នុងរយៈពេល២លើកចុងក្រោយនេះ។ ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនបានលាក់បាំងពីការមិនសប្បាយចិត្តរបស់លោកចំពោះការខ្វះនូវការគាំទ្រពីម្ចាស់ក្លិប Newcastle លោក Mike Ashley ឡើយ ហើយត្រូវបានគេជឿជាក់ថា លោកបានស្វែងរកការធានាផ្សេងៗជុំវិញបញ្ហាកញ្ចប់ថវិកាដែលលោកនឹងត្រូវតែធ្វើការជាមួយ នៅមុនពេលបញ្ជាក់ពីអនាគតរបស់លោកទៅកាន់ក្លិបនេះ។ Newcastle បានបន្ថែមទៀតថា៖ «យើងបានធ្វើការយ៉ាងលំបាកដើម្បីបន្តកិច្ចសន្យារបស់លោក Rafa ក្នុងដំណាក់កាលដ៏សំខាន់ ប៉ុន្តែ វាមិនបានជោគជ័យឡើយ ពោលគឺមិនបានឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងលោក Rafa និងអ្នកតំណាងរបស់លោក»៕
ប្រភពព័ត៌មាន៖ Channel News Asia