ក្រុម Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខា ខ្សែការពារ Ruben Dias ពីក្លឹបយក្សព័រទុយហ្គាល់ Benfica ក្នុងតម្លៃ ៦៥ លានផោនខណៈខ្សែការពារកណ្តាល ក្រុមជម្រើសជាតិអាហ្សង់ទីន Nicolas Otamendi វ័យ ៣២ ឆ្នាំត្រៀមចាកចេញក្នុងតម្លៃ ១៣.៧ លានផោន។ ទោះបីលេងក្នុងនាមខ្សែការពារ Dias កីឡាករក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះមានកំនត់ត្រារកបាន គ្រាប់បាល់ ១២គ្រាប់សម្រាប់ក្លឹបក្រោយបង្ហាញខ្លួនចំនួន ១៣៣ លើក ។

ខ្សែការពារកណ្តាល Kalidou Koulibaly វ័យ២៩ ឆ្នាំរបស់ក្រុម Napoli ដំបូងឡើយគឺជាគោលដៅអាទិភាពរបស់ក្រុម Man .City ប៉ុន្តែយក្សក្លឹបអ៊ីតាលីចង់បានការផ្ទេរក្នុងតម្លៃរហូតដល់ទៅ ៨០ លានផោនសម្រាប់ខ្សែការពារសេណេហ្គាល់រូបនេះដែលតម្លៃខាងលើបានធ្វើអោយ Man. City រារែកនិងដកខ្លួនថយ។ក្រុមម្ចាស់ជើងឯករង Premier League ទើបតែទទួលលទ្ធផលខកចិត្ត សម្រាប់ការប្រកួតសប្តាហ៏ទី២ក្រោយចាញ់ក្រុមភ្ញៀវ Leicester City ក្នុងលទ្ធផល៥ទល់និង២កាលពីយប់ថ្ងៃអាទិត្យ។

អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola ចង់បានខ្សែការពារកណ្តាលផ្នែកខាងស្តាំចាប់តាំងពីអតីតប្រធានក្រុម Vincent Kompany បានចូលនិវត្តន៍កាលពីបញ្ចប់រដូវកាលឆ្នាំមុន។ Dias វ័យ ២៣ ឆ្នាំបានដើរតួនាទីជាប្រធានក្រុមសម្រាប់ជ័យជំនះរបស់ក្រុម Benfica លើ Moreirense កាលពីថ្ងៃសៅរ៍បានសម្តែងអារម្មណ៏ ឱបមិត្តរួមក្រុមនិងនាយកផ្នែកកីឡាលោក Rui Costa នៅពេលអាជ្ញាកណ្តាលបានផ្លុំកញ្ចែដែលជាការបញ្ចប់ការប្រកួតចុងក្រោយរបស់ខ្លួន។

ប្រភព៖ BBC