ខ្សែប្រយុទ្ធឆ្នើមក្រុមជើងឯកបារាំង Paris Saint-Germain បានធ្វើតេស្តវិជ្ជមានរកឃើញមេរោគកូវីត-១៩។ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះនិងត្រូវ អវត្តមានពីក្រុមជម្រើសជាតិបារាំងហើយនឹងមិនអាចបង្ហាញខ្លួន នៅក្នុងការប្រកួត Nations League របស់ពួកគេជាមួយក្រូអាតនៅទីក្រុងប៉ារីសនៅថ្ងៃអង្គារនេះបានទេខណៈដែលខ្សែប្រយុទ្ធ Wissam Ben Yedder របស់ក្រុម Monaco និង Anthony Martial របស់ក្រុមបិសាចក្រហមសង្ឃឹមថានិងត្រូវមានវត្តមានចូលរួមក្នុងការប្រកួតនេះ។
គួរបញ្ជាក់ថាសមាជិកជ័យលាភី World Cup ២០១៨ រូបនេះបានចូលលេងក្នុងការប្រកួត ដោយទទួលលទ្ធផលជ័យជម្នះ១ទល់និង០ កាលពីថ្ងៃសៅរ៍លើក្រុមជម្រើសជាតិស៊ុយអែតនិងបានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះនៅក្នុងការប្រកួតនោះ។
Mbappe ក៏នៅតែមិនទាន់ច្បាស់ថាអាចចូលលេងអោយក្រុមការពារតំណែងជើងឯក PSG ដែលនិងត្រូវចាប់ផ្តើមយុទ្ធនាការ Ligue-១ របស់ពួកគេដោយត្រូវជួបជាមួយក្រុម Lens នៅថ្ងៃព្រហស្បតិ៍មុនពេលជួបគូប្រជែង Marseille នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ។ PSG ក៏និងត្រូវជួបជាមួយ Metz នៅថ្ងៃពុធសប្តាហ៍ក្រោយមុនពេលទៅសួរសុខទុក្ខ Nice ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះផងដែរ។
ប្រភព៖ Goal