បរទេស៖ លោក Diego Simeone បានបញ្ជាក់ថា ក្រុម Atletico Madrid បានលិចលុងក្នុងសម្ពាធ និងភាពតានតឹងក្នុងការលេងក្នុងរដូវកាលដ៏យូរអង្វែងមួយ ទើបពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាក្រុម Leipzig កាលពីថ្ងៃព្រហស្បតិ៍។
ក្រុម Leipzig នឹងត្រូវធ្វើដំណើរទៅជួបក្រុម Paris Saint-Germain ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអង្គារ ក្រោយពីការស៊ុតបាល់របស់កីឡាករ Tyler Adams បានផ្លាតចូលទីនៅនាទី ទី៨៨ ដើម្បីជួយឲ្យក្រុមខ្លួនទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១ នៅទីក្រុង Lisbon តែម្តង។
ខ្សែប្រយុទ្ធ Joao Felix របស់ក្រុម Atletico បានជួយឲ្យក្រុមខ្លួនមានគ្រាប់បាល់តាមស្មើវិញតាមរយៈការស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ដើម្បីលុបចោលគ្រាប់បាល់បើកឆាករបស់ Dani Olmo។ ការរងបរាជ័យនេះ បំពេញរដូវកាលដ៏ខកចិត្តសម្រាប់ក្រុម Atletico ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង La Liga ដោយដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Real Madrid ដល់ទៅ១៧ពិន្ទុ។ បន្ទាប់ពីការប្រកួត លោក Simeone បានឲ្យដឹងថា៖ «យើងមិនមានភាពខ្លាំងផ្នែករាងកាយ ឬក៏លេងស៊ីសង្វាក់គ្នាឡើយ។
នៅចុងរដូវកាលនេះ យើងរងសម្ពាធជាច្រើន ពោលគឺសម្ពាធមុននឹងឈានទៅកាន់ក្របខ័ណ្ឌ Champions League ហើយត្រូវតែសម្របខ្លួនជាមួយនឹងកីឡាករថ្មី»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងបានមកប្រកួតជាមួយនឹងក្តីសង្ឃឹមជាច្រើន។ យើងពិតជាខកចិត្តណាស់ ប៉ុន្តែ ខ្ញុំដឹងថា កីឡាករបានប្រឹងអស់ពីសមត្ថភាពហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
វីដេអូ៖