ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍មកថាបានចាប់អារម្មណ៍ក្នុងការនាំយកកម្លាំងសំខាន់ម្នាក់របស់ក្លិបមេឃខៀវ Manchester City គឺកីឡាករ Kevin De Bruyne នៅពេលបិទបញ្ចប់រដូវកាលនេះ។
អនាគតរបស់ខ្សែបម្រើប្រយុទ្ធជម្រើសជាតិប៊ែលហ្សិកនៅកីឡដ្ឋាន Etihad កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយក្លិបជើងឯក Premier League រដូវកាលមុនត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដាក់បម្រាមរយៈពេលពីរឆ្នាំមិនឲ្យចូលរួមប្រកួតព្រឹត្តិការណ៍របស់ UEFA តួយ៉ាងដូចជា UEFA Champions League ជាដើម។
បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Mundo Deportivo ក្រុមរបស់លោក Zidane កំពុងតែដាក់ការសង្កេតទៅលើកីឡាកររបស់ Manchester City ហើយ Kevin De Bruyne គឺបេក្ខភាពមួយចម្បងដែលអាចនឹងផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu នៅទីផ្សាររដូវក្ដៅខាងមុខ។
កុងត្រារវាងកីឡាករវ័យ២៨ឆ្នាំ De Bruyne និងក្លិប Manchester City នៅមានសុពលភាពដល់បញ្ចប់រដូវកាល ២០២២-២០២៣ ខណៈនៅរដូវកាលនេះគេចូលលេងឲ្យក្រុមលោក Pep បាន៣១ប្រកួត រកគ្រាប់បាល់បាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន១៨ដង។ គួរឲ្យដឹងផងដែរថា ក្រៅពី Kevin De Bruyne ក្លិបអធិរាជស Real Madrid ក៏បានដាក់ការចាប់អារម្មណ៍ទៅលើកីឡាកររបស់ Manchester City ២រូបផ្សេងទៀតដែររួមមាន Raheem Sterling និង Sergio Augero៕
ប្រភព៖ SportsMole Credit: Khmerload