ក្រុម Manchester City ជឿជាក់ថា សេចក្តីសុចរិតក្នុងកីឡានៃក្របខ័ណ្ឌ Premier League ត្រូវបានធ្វើឲ្យខូចខាត ដោយសារតែកម្មវិធីប្រកួតដ៏មមាញឹកក្នុងរដូវបុណ្យទាន ខណៈដែលក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ នឹងត្រូវលេងការប្រកួត២លើក ក្នុងរយៈពេលតិចជាង៤៨ម៉ោង។

ការប្រកួតរបស់ក្រុម Man City នៅលើទឹកដីក្រុម Wolves ត្រូវបានផ្លាស់ប្តូរពីថ្ងៃ Boxing Day ដើម្បីប្រកួតនៅថ្ងៃទី២៧ ខែធ្នូ ដោយចាប់ផ្តើមប្រកួតនៅម៉ោង ៧:៤៥ យប់ (18:45 GMT)។ ការផ្លាស់ប្តូរនេះ ធ្វើឲ្យពួកគេមានរយៈពេលតិចជាង២ថ្ងៃ ក្នុងការត្រៀមសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Sheffield United នៅលើទឹកដីខ្លួនឯង ដោយចាប់ផ្តើមនៅម៉ោង ៦ ល្ងាច ថ្ងៃទី២៩ ខែធ្នូ។

ការផ្លាស់ប្តូរការប្រកួតជាមួយនឹងក្រុម Wolves មានន័យថា ក្រុមរបស់លោក Nuno Espirito Santo នឹងមានរយៈពេលតិចជាង២៤ម៉ោង ដើម្បីសម្រាក នៅមុនពេលការធ្វើដំណើររបស់ពួកគេទៅកាន់ទឹកដីក្រុម Liverpool នាថ្ងៃទី២៩ ខែធ្នូ​ ដោយ Liverpool នាំមុខចំនួន៨ពិន្ទុរួចជាស្រេចលើក្រុម Man City នៅលើកំពូលតារាង។

លោក Omar Berrada នាយកប្រតិបត្តិរបស់ក្រុម Man City បានប្រាប់កាសែត Manchester Evening News ថា៖ «ការប្រកួតក្របខ័ណ្ឌ Premier League ទាមទារការប្រើប្រាស់កម្លាំងយ៉ាងខ្លាំង ហើយវាមិនមែនជារឿងដ៏ល្អឡើយក្នុងការលេង២ប្រកួត ក្នុងរយៈពេល៤៨ម៉ោង ពីព្រោះកីឡាករមិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាក»៕

ប្រភពព័ត៌មាន៖ Channel News Asia