ខ្សែប្រយុទ្ធ Rodrigo Moreno បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ឈ្នះកៅអីទៅកាន់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ តាមរយៈការរកបានគ្រាប់បាល់តាមស្មើ នៅលើទឹកដីក្រុមជម្រើសជាតិស៊ុយអែត ស្របពេលដែលឱកាសរបស់ក្រុមជម្រើសជាតិសាធារណៈរដ្ឋអៀរឡង់ ក្នុងការឈានទៅជុំផ្តាច់ព្រ័ត្រ នៅតែស្ថិតក្នុងភាពមិនច្បាស់ បន្ទាប់ពីពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិស្វ៊ីស ក្នុងលទ្ធផល ២-០។

អេស្ប៉ាញ បានក្លាយជាក្រុមទី៦ក្នុងការឈ្នះកៅអីទៅកាន់យុទ្ធនាការនៅរដូវក្តៅក្រោយនេះ ក្រោយពី Rodrigo បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅទីក្រុង Stockholm ដែលនាំឲ្យមានការអបអរយ៉ាងខ្លាំងនៅក្បែរទីលានប្រកួត។

Moreno បាននិយាយថា៖ «ការឈ្នះកៅអីទៅវគ្គបន្ត គឺជារឿងដ៏សំខាន់សម្រាប់ក្រុមមួយដូចជាអេស្ប៉ាញ ប៉ុន្តែការសម្រេចបាននូវគោលដៅនោះ នៅតែមានតម្លៃ។ វាលុបចោលសម្ពាធ និងធ្វើឲ្យយើងមានពេលវេលាក្នុងការធ្វើការ»។ ក្រុមរបស់លោក Robert Moreno កំពុងតែឈរលេខ១នៅលើកំពូលតារាងនៃពូល F ដោយមាន២០ពិន្ទុ ក្រោយពីដណ្តើមបានលទ្ធផលស្មើក្នុងការប្រកួត២លើកចុងក្រោយរបស់ខ្លួន។

ពួកគេកំពុងតែនាំមុខ៥ពិន្ទុលើក្រុមជម្រើសជាតិស៊ុយអែត និង៦ពិន្ទុលើក្រុមជម្រើសជាតិរ៉ូម៉ានី ដែលបានខកខានឱកាសក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ២ នៅពេលដែលកីឡាករ Alexander Sorloth របស់ន័រវែស បានរកគ្រាប់បាល់តាមស្មើ ១-១ ក្នុងទីក្រុង Bucharest៕

ប្រភពព័ត៌មាន៖ Channel News Asia