អ្នកចាំទី Hugo Lloris ដែលជាប្រធានក្រុមនៃក្រុម Tottenham Hotspur នឹងមិនតម្រូវឲ្យទទួលការវះកាត់ទៅលើកែងដែលភ្លាត់ ដែលរូបគេបានជួបប្រទះ ក្នុងការប្រកួតកាលពីចុងសប្តាហ៍ឡើយ ប៉ុន្តែ អ្នកចាំទីរូបនេះ ត្រូវបានប្រកាសថា នឹងត្រូវអវត្តមានរហូតដល់ខែមករា ដោយសារតែរបួសដាច់សរសៃ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃចន្ទ។

Lloris បានជួបបញ្ហារបួស ក្នុងពេលក្រុម Tottenham បានរងបរាជ័យ ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌលីកនៅលើទឹកដីក្រុម Brighton & Hove Albion កាលពីថ្ងៃអាទិត្យ។ អ្នកចាំទីអន្តរជាតិបារាំងវ័យ៣២ឆ្នាំរូបនេះ បានដួលធ្លាក់យ៉ាងខ្លាំងនៅពីមុខទីរបស់គេ ក្នុងពេលរូបគេបានព្យាយាមសង្គ្រោះបាល់ស៊ុតបាល់របស់កីឡាករ Neal Maupay ក្រោយពីបានបញ្ជូនបាល់ធ្លាក់ចំពីមុខរបស់ខ្សែប្រយុទ្ធនៃក្លិប Brighton រូបនេះ។ រូបគេបានទទួលការព្យាបាលដោយក្រុមបុគ្គលិកពេទ្យរយៈពេល៦នាទីនៅលើទីលានប្រកួត នៅមុនពេលសែងចេញ ស្របពេលដែលរូបគេក៏ទទួលបានជំនួយពីខ្យល់អុកស៊ីសែនផងដែរ។ ក្លិប Spurs បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការពិនិត្យផ្សេងៗបានបង្ហាញថា បើទោះបីការវះកាត់មិនត្រូវបានតម្រូវឲ្យធ្វើឡើងក៏ដោយ។

ប៉ុន្តែប្រធានក្រុមរបស់យើង បានរបួសសរសៃកែងដៃ និងមិនត្រូវបានរំពឹងទុកថា នឹងវិលចូលលេងវិញ នៅមុនពេលបញ្ចប់ឆ្នាំ២០១៩ ឡើយ»។ ក្លិបបានបន្ថែមទៀតថា៖ «Hugo បច្ចុប្បន្ន ទទួលបានការអបដៃរបស់គេ ហើយនិងត្រូវសម្រាកមួយរយៈពេល និងព្យាយាមវិលទៅរកភាពរឹងមាំវិញ ក្រោមការពិនិត្យពីក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យ Hotspur Way»៕