ក្រុមខ្លាំងៗក្នុងក្របខ័ណ្ឌ Premier League មានពេលវេលាតិចតួចណាស់ក្នុងការសម្តែងនូវការខកចិត្តរបស់ខ្លួនក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប ខណៈដែលការប្រកួតលីកក្នុងស្រុក នឹងផ្តល់ឱកាសភ្លាមៗក្នុងការស្តារមុខមាត់ត្រឡប់មកវិញសម្រាប់ក្រុម Liverpool, Chelsea និង Tottenham។

Manchester City គឺជាក្រុមរបស់អង់គ្លេសតែមួយដែលបានឈ្នះក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍នេះ ប៉ុន្តែ ពួកគេក៏មានបញ្ហារបស់ខ្លួនផងដែរ ដោយសារតែរបួសកីឡាករក្នុងតំបន់ការពារ ដែលនាំឲ្យពួកគេចាញ់ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុម Norwich កាលពីចុងសប្តាហ៍មុន។

ការរងបរាជ័យនេះ ធ្វើឲ្យក្រុម Man City ដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ដល់ទៅ៥ពិន្ទុ។ ទាំងក្រុម Liverpool និង Chelsea សុទ្ធសឹងបានរងបរាជ័យដូចគ្នាក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ប៉ុន្តែ ស្របពេលដែល Liverpool បានរបូតគ្រាប់បាល់២គ្រាប់នៅជិតបញ្ចប់ការប្រកួត ក្នុងពេលចាញ់ ២-០ លើទឹកដីក្រុម ហាក់ដូចជាការភ្លាត់ស្នៀតប៉ុណ្ណោះ ក្រុម Chelsea អាចត្រូវទទួលមេរៀនជាច្រើនទៀតជាមួយនឹងក្រុមដែលប្រជុំដោយកីឡាករវ័យក្មេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកមិនសូវមានបទពិសោធន៍។

លោក Frank Lampard បានឈ្នះត្រឹមតែ២លើកគត់ ក្នុងចំណោមការប្រកួត៧លើកដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ Chelsea ហើយពួកគេទើបតែបានចាញ់ក្រុម Valencia ក្នុងលទ្ធផល ១-០។ ទាក់ទងនឹង Liverpool លោក Lampard បានឲ្យដឹងថា៖ «ពួកគេកំពុងតែលេងបានយ៉ាងល្អនៅពេលនេះ។ ពួកគេជាក្រុមមានទម្រង់លេងដ៏ល្អបំផុតក្នុងប្រទេសនេះ។ វាជាការសាកល្បងដ៏អស្ចារ្យសម្រាប់យើង ហើយយើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់»៕

ប្រភពព័ត៌មាន៖ Channel news Asia