ក្រុម Bayern Munich ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Bundesliga បាន​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Philippe Coutinho របស់​ក្លិប Barcelona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង សម្រាប់​រដូវ​កាល​នេះ​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ទាំង​២ កាលពីថ្ងៃ​ចន្ទ​។ Bayern នឹង​ត្រូវ​បង់​ប្រាក់​លើ​ការ​ខ្ចី​ជើង​ចំនួន​៨,៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​៩,៥​លាន​ដុល្លារ​អាមេរិក) និង​ត្រូវ​​រ៉ាប់​រង​លើ​ប្រាក់​ខែ​របស់​គេ​​។

ពួក​គេ​​មាន​ជម្រើស​ក្នុង​ការ​ទិញ​យក​ដាច់​សម្រាប់​តម្លៃខ្លួន​១២០​លាន​អឺ​រ៉ូ​។ Coutinho ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Barcelona កាល​ពី​ខែមករា ឆ្នាំ​មុន​​សម្រាប់​តម្លៃ​ខ្លួន​ប្រមាណ​ជា​១៤២​លាន​ផោន​នោះ គឺ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​លំ​ដាប់​ទី​៣ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កីឡា​បាល់​ទាត់ ប៉ុន្តែ រូប​គេ​មិន​បាន​​បង្ហាញ​ថ្វី​ជើង​ដ៏អស្ចារ្យ​​នៅកីឡាដ្ឋាន Camp Nou ដូច​​ដែល​រូប​គេ​បាន​ធ្វើ​នៅ​ជាមួយ​នឹងក្រុម Liverpool ឡើយ​។

ក្លិប Barcelona បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្លិប FC Barcelona និង Bayern Munich បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​សម្រាប់​ការ​ខ្ចី​ជើង​របស់​កីឡាករ Philippe Coutinho ទៅកាន់​ក្លិប​អាល្លឺ​ម៉ង់​មួយ​នេះ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​»​។ ក្លិប Barcelona បាន​បន្ថែម​ថា៖ «Barcelona សូម​ថ្លែង​អំណរ​គុណ​​ជា​សា​ធារណៈ​ដល់ Philippe Coutinho សម្រាប់​ការ​ប្តេជ្ញា​ចិត្ត និង​ការ​លះ​បង់​របស់​គេ ហើយ​សូម​ជូន​ពរ​គេ​ឲ្យ​ជួប​តែ​សំណាង​ល្អ​​ក្នុង​ដំណាក់​កាល​ថ្មី​នៃ​អាជីព​របស់​គេ​»​។ Coutinho នឹង​ត្រូវ​ពាក់​អាវ​លេខ​១០ ដែល​​​ត្រូវ​បាន​ពាក់​ដោយ Arjen Robben កាល​​ពី​មុន ប៉ុន្តែ តារាឆ្នើម​ហូ​ឡង់​រូបនេះ បាន​ចូល​និវត្តន៍​​​កាលពី​រដូវ​កាល​មុន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia