ក្រុម Tottenham Hotspur បាន​បញ្ចប់​មហិច្ឆ​តា​​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​របស់​ក្រុម Manchester City កាលពី​រដូវ​កាល​មុន ហើយ​ពួក​គេ​នឹង​​​សម្លឹង​​រក​ផ្តល់​ការ​ខក​ចិត្ត​ទៅ​លើ​ការ​ប្រជែង​ដណ្តើម​​ពាន​ក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​៣​ជាប់​ៗ​គ្នា​របស់​ក្រុម​លោក Pep Guardiola នៅពេល​ដែល​ពួកគេ​ជួប​គ្នា​នា​កីឡាដ្ឋាន Etihad នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ​។

ការ​ខក​ចិត្ត​ដ៏​ធំមួយ​ក្នុង​រដូវ​កាល​​ដ៏គួរ​ឲ្យ​កត់សម្គាល់​មួយ​សម្រាប់ក្រុម Man City បាន​កើត​ឡើង​កាលពី​ខែមេសា ក្រោយ​ពី​ការ​ធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោមស្នា​ដៃក្រុម Spurs​។ ក្រុម Man City បាន​ឈ្នះ​​ការ​ប្រកួត​ក្នុង​ជើង​ទី​២​ក្នុងលទ្ធ​ផល ៤-៣ ប៉ុន្តែ បាន​ធ្លាក់​ចេញ​ដោយ​សារ​តែ​គ្រាប់​បាល់​ក្រៅដី បន្ទាប់​ពី​​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​​ការ​ប្រកួត​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Raheem Sterling ត្រូវ​បាន​ចាត់​ទុក​ថា ជា​គ្រាប់​បាល់ offside បន្ទាប់​ពី​​ការ​ត្រួត​ពិនិត្យ​ដោយ​ប្រព័ន្ធ​វី​ដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR)​។

ត្រឹម​តែ​រយៈ​ពេល​៣​ថ្ងៃ​ក្រោយ​មក ក្រុម​ទាំង​២ បាន​ជួប​គ្នា​ម្តង​ទៀត ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​លីក ខណៈ​ដែលក្រុម​របស់​លោក Guardiola បាន​រក្សា​ការ​ស្ថិ​ត​ក្នុង​ការ​ប្រជែង​ពាន​របស់​ខ្លួន តាម​រយៈ​ការ​យកឈ្នះ​ក្នុង​លទ្ធ​ផល ១-​០​។ ក្រុម​ទាំង​២ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ក្នុង​ការ​ប្រកួត​​​​ក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ ជា​មួយ​នឹង​ជ័យ​ជម្នះ​ដូចគ្នា ដោយក្រុម Man City បាន​យកឈ្នះ​លើក្រុម West Ham ក្នុងលទ្ធ​ផល ៥-០ នា​កីឡាដ្ឋាន London ស្រប​ពេល​ដែលក្រុម Spurs បាន​យកឈ្នះ​លើ​ក្រុម Aston Villa ៣-១ នៅលើ​ទឹកដីខ្លួន​ឯង​។ Man City នឹង​មាន​ការ​ធូរ​ស្រាល ដោយ​សារ​តែ​តា​រាឆ្នើម​អន្តរ​ជាតិកូរ៉េ​ខាង​​ជើង Son Heung-min របស់ Spurs នឹង​ត្រូវ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​នេះ ខណៈ​ដែល​រូប​គេ​ជាប់​ពិន័យ​ព្យួរ​៣​ប្រកួត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia