ក្លិបញញួរធំ West Ham បានបំបែកកំណត់ត្រានៃការទិញចូលកីឡាករថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ ខណៈដែលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំង Sebastien Haller ពីក្លិប Eintracht Frankfurt។

Haller បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងក្លិប West Ham ក្នុងតម្លៃខ្លួន៤៥លានផោន (ស្មើនឹង៥៦លានដុល្លារអាមេរិក) ដែលជាតម្លៃខ្លួនមួយច្រើនជាង៤២លានផោន ដែលពួកគេបានចំណាយទិញ Felipe Anderson ពីក្លិប Lazio កាលពីឆ្នាំមុន។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី២០គ្រាប់ក្នុងការបង្ហាញខ្លួន៤១លើកសម្រាប់ក្លិប Eintracht របស់ក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន។

ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «West Ham United ពិតជារីករាយណាស់ក្នុងការប្រកាសពីការចូលរបស់ខ្សែប្រយុទ្ធបារាំង Sebastian Haller ដែលជាកីឡាករថ្មីមានតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប»។ ក្នុងនាមជាអតីតកីឡាករយុវជនអាយុក្រោម២១ឆ្នាំរបស់ក្រុមជម្រើសជាតិបារាំងរូបនេះ ដែលបានអភិវឌ្ឍតាមរយៈក្រុមយុវជនរបស់ក្លិប Auxerre។

ខ្សែប្រយុទ្ធ Haller នឹងចូលជំនួសកន្លែងរបស់ Marko Arnautovic នាកីឡដ្ឋាន London ក្រោយពីក្លិប West Ham បានលក់ខ្សែប្រយុទ្ធអូទ្រីសរូបនេះ ទៅឲ្យក្លិបចិន Shanghai SIPG កាលពីពេលថ្មីៗនេះ។ Haller បានប្រាប់គេហទំព័ររបស់ West Ham ថា៖ «ខ្ញុំមានអារម្មណ៍រំភើបណាស់។ ខ្ញុំគិតថា វាជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការស្ថិតនៅទីនេះ។ វាមានន័យណាស់សម្រាប់ខ្ញុំ។ វាបង្ហាញថា ក្លិបនេះ ពិតជាចង់បានខ្ញុំជាយូរមកហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia